សាកសព​បុរស​ម្នាក់​ត្រូវ​បាន​ពលរដ្ឋ​ប្រទះ​ឃើញ​អណ្ដែត​តាម​ដង​ទន្លេបាសាក់​

13-March-2018 | ដោយ ពលមនសិការ

កណ្ដាល​ ៖​ សាកសព​បុរស​ម្នាក់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្ដែត​ទឹក​តាម​ដង​ទន្លេបាសាក់​ ដោយ​សភាព​ហើម​រលួយ​ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ ថ្ងៃ​ច័ន្ទ​ ទី​១២​ ខែមីនា​ ឆ្នាំ​២០១៨​ ស្ថិត​ក្នុងភូមិ​ពោធិ​ក្រោម​ ឃុំ​ត្រើយ​ស្លា​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ ។​

​មន្ដ្រី​នគរបាល​ផ្នែក​ព​កោសល្យ​វិ​ច្ច័​យ​បច្ចេកទេស​និង​វិទ្យាសាស្ដ្រ​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា​ សាកសព​ជន​រង​គ្រោះ​ឈ្មោះ​ យ៉ា​ន​ បូ​រ៉ា​ ហៅ​ចី​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ មាន​ទីលំនៅ​ភូមិ​ព្រៃ​គុយ​ ឃុំ​ត្រពាំង​ស្រែ​ ស្រុក​មេ​សាង​ ខេត្តព្រៃវែង​ ។​ បច្ចុប្បន្ន​មក​ស្នាក់​នៅ​ភូមិ​ត្រពាំង​ឈូក​ ឃុំ​ព្រែក​គយ​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ ។​

​ប្រភព​ដដែល​បន្ដ​ថា​ កាលពី​អំឡុង​ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ជន​រង​គ្រោះ​បាន​ចាក​ចេញពី​ស្រុក​កំណើត​របស់​ខ្លួន​ មក​ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ឈូក​ ឃុំ​ព្រែក​គយ​ ដើម្បី​ធ្វើការ​សំណង់​ ។​ លុះ​រហូត​មក​ដល់​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០១៨​ ជន​រង​គ្រោះ​បាន​បាត់​ខ្លួន​ពី​កន្លែង​ស្នាក់​នៅ​ដោយ​ពុំ​ដឹង​ថា​ ទៅ​ទីណា​នោះ​ទេ​ រហូត​មក​ដល់​ថ្ងៃ​ទី​១២​ ខែ​/​ឆ្នាំ​ដដែល​ ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​ជន​រង​គ្រោះ​អណ្ដែត​ទឹក​តាម​ដង​ទន្លេ​របា​សាក់​ក្នុង​សភាព​ហើម​រលួយ​ ។​ ក្រោយ​ពី​សាកសព​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ ភ្លាម​នោះ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ត្រើយ​ស្លា​ ដើម្បី​ធ្វើការ​ពិនិត្យ​ ។​

ក្រោយ​ពី​សមត្ថកិច្ច​ប៉ុស្ដិ៍​រដ្ឋបាល​ត្រើយ​ស្លា​ទទួល​បាន​ព័ត៌មាន​ខាងលើ​ ក៏​រាយការណ៍​បន្ដ​ទៅ​នគរបាល​ជំនាញ​ស្រុក​ចុះ​ធ្វើការ​ពិនិត្យ​ រួច​បញ្ជាក់​ថា​ ជន​រង​គ្រោះ​គឺ​ស្លាប់​ដោយសារ​លង់ទឹក​ ពុំ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​អ្វី​ផ្សេង​ឡើយ​ ។​ ក្រោយ​ពី​ពិនិត្យ​ចប់​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

 

ចំនួនអ្នកទស្សនា

    20633267

  • ថ្ងៃនេះ9141
  • ម្សិលមិញ10851
  • សប្តាហ៍នេះ75661
  • ខែនេះ190811
  • ឆ្នាំនេះ190811
  • សរុប20633267