បាត់ដំបង ៖ លំនៅដ្ឋានមួយខ្នង ដែលបានសាងសង់ឡើងតាមរបៀបថ្មក្រោម ឈើលើនិងមានទំហំយ៉ាងធំទូលាយត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុងព្រមទាំងបានបំផ្លាញនូវទ្រព្យសម្បត្តិជាច្រើនផងដែរបើទោះបីជាមានការអន្តរាគមន៍ពីសំណាក់ប្រជាពលរដ្ឋនិងសមត្ថកិច្ចពិសេសរថយន្តពន្លត់អគ្គិភ័យយ៉ាងណាក៏ដោយ។
ហេតុការណ៍ដ៏គួរឱ្យសោកសង្រែងនេះដែរ បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចក្រុមទី១០ ភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលលំនៅដ្ឋាននេះជាកម្មសិទ្ធិរបស់ឈ្មោះ គន សុគន្ធ ភេទប្រុស អាយុ៣៩ឆ្នាំ មានមុខរបរលក់ដូរ។
គួរបញ្ជាក់ដែរថា លំនៅដ្ឋាននេះ បានសាងសង់ឡើង អំពីថ្មខាងក្រោម និងឈើខាងលើ ប្រក់ស័ង្កសីនិងមានទំហំ១៤គុណ១៧ម៉ែត្រ ស្ថិតក្នុងភូមិ-ឃុំ កើតហេតុខាងលើ គឺបានឆាបឆេះឡើងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតមានការជួយអន្តរាគមន៍ពីកម្លាំងជំនាញប៉ុន្តែមិនអាចជួយបាន ដោយគ្រាន់តែគ្រប់គ្រងសភាពការណ៍មិនឲ្យមានការរាលដាលទៅដល់ផ្ទះអ្នកដទៃតែប៉ុណ្ណោះ។
តាមការសិក្សាពីសមត្ថកិច្ចជំនាញក៏ដូចជាការសន្និដ្ឋានពីសំណាក់ម្ចាស់ផ្ទះគឺមូលហេតុឆ្លងចរន្តអគ្គីសនី ទើបបណ្តាលឱ្យមានអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅបែបនេះរហូតបំផ្លាញគ្មានសល់ ដោយគ្រាន់តែមិនទាន់ដឹងថា តើការខាតបង់នេះអស់ប្រហែលប៉ុន្មាននោះនៅឡើយ៕