ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនរគបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងថា មុខសញ្ញាចំនួន២នាក់ ដែលបានប្រើអំពើហិង្សាលើអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍កាលពីពេលកន្លងទៅថ្មីៗនេះ ត្រូវបានឃាត់ខ្លួនបានហើយ នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថាជនសង្ស័យទី១-ឈ្មោះ យាត ទិត្យា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ អាស័យដ្ឋានផ្ទះគ្មានលេខ ផ្លូវទី៧ ភូមិទួលគោក សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ និងទី២-ឈ្មោះ អាន វិនទី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងមាស អាស័យដ្ឋាន ផ្ទះ១០០៥ ផ្លូវ១៩៤ ក្រុម៤០ ភូមិ៩ សង្កាត់ផ្សាដេប៉ូ១ ខណ្ឌទួលគោក។
លោកវរសេនីយ៍ឯក នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបន្តថាជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាប្រើប្រាស់អំពើហិង្សាលើអ្នកបើកររថយន្តត្រូវបានឃាត់ខ្លួន នៅល្ងាចថ្ងៃទី១៤ ខែមីនានេះ ត្រង់ចំណុចសណ្ឋាគារផ្កាឈូកទិព្វ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈពេលកំពុងស៊ីនៅទីនោះ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្នការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបន្តស្វែងរកចាប់ខ្លូនបក្ខពួកដែលនៅសេសសល់កំពុងគេចខ្លួន ព្រោះសមត្ថកិច្ចបានកំណត់មុខសញ្ញា និងស្គាស់ពីសាវតាច្បាស់លាស់អស់ហើយ។
សូមរំឭកថា កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋបានតាមដេញវាយប៉ុនប៉ងសម្លាប់អ្នកបើកបរ និងវាយកម្ទេចរថយន្តទំនើបមួយគ្រឿង ម៉ាក Gac GSS Super ពាក់ស្លាកលេខ ភ្នំពេញ 2AP-9719 បើកបរដោយបុរសម្នាក់ ត្រូវបានសាក្សីអះអាងថា បានបើកបុករះតាមផ្លូវពីម្តុំទួលសង្កែ ខណ្ឌឫស្សីកែវ រួចបើករត់គេច រហូតដល់ម្តុំពេទ្យលោកសង្ឃ ក្នុងខណ្ឌទួលគោក។
ព័ត៌មានពីសមត្ថកិច្ចថា មិនមានការបុករះស្លាប់២-៣ នាក់នោះទេ មានតែករណីប៉ះម៉ូតូ ១គ្រឿង មិនមានអ្នករបួស ហើយបន្តមកដល់ម្តុំពេទ្យលោកសង្ឃ ទើបប៉ះម៉ូតូ១គ្រឿងទៀត ធ្វើឲ្យរបួសអ្នកជិះម៉ូតូម្នាក់ ទើបភាគីរថយន្តឈប់ ហើយអ្នកជិះដេញពីក្រោយគ្រាន់តែឮតៗគ្នា ក៏នាំគ្នាប្រើហិង្សា ទៅលើភាគីរថយន្ត ធ្វើឲ្យរបួសស្ទើរស្លាប់តែម្តង។ បច្ចុប្បន្នជនរងគ្រោះដែលត្រូវមនុស្សកំពុងសម្រាក់ព្យាបាលនៅឯប្រទេសវៀតណាម៕