កណ្ដាល ៖ កម្លាំងនគរបាលស្រុកពញាឮ ធ្វើការបង្ក្រាបចាប់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនសកម្មម្នាក់ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីជនសង្ស័យខាងលើបានធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ប្រតិបត្ដិការបង្ក្រាបខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១៧និង២៥នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចវាលស្រែ ស្ថិតក្នុងភូមិកំពង់ក្រសាំង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។
មន្ដ្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ ភូ ភិន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មានទីលំនៅភូមិពោធិរ៉ាល់ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។ ប្រតិបត្ដិការបង្ក្រាបចាប់ខ្លួននេះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៨កញ្ចប់ (កញ្ចប់តូច៣ និង កញ្ចប់ធំ៥), ទូរស័ព្ទ១គ្រឿង, ដាវចំនួន១ដើម និងឧបករណ៍សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀតផងដែរ។
ប្រភពដដែលបន្ដថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងភូមិសាស្ដ្រស្រុកពញាឮ ដែលសមត្ថកិច្ចបានតាមដាននិងកំណត់មុខសញ្ញាជាយូរមកហើយ តែពុំទាន់មានវត្ថុតាងណាមួយដើម្បីដាក់បន្ទុកចាប់ខ្លួនជនសង្ស័យបានទេ ។ លុះមកដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងកើតហេតុខាងលើ សមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានទទួលព័ត៌មានថា ជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន ត្រង់ចំណុចវាលស្រែ ស្ថិតក្នុងភូមិកំពង់ក្រសាំង។
ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចក៏បានសហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលភ្នំបាត ចុះទៅកន្លែងកើតហេតុ រួចធ្វើការឆែកឆេរជនសង្ស័យបានរកឃើញថ្នាំញៀនចំនួន៨កញ្ចប់ ឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀនខាងលើនេះគឺជារបស់ខ្លួនពិតប្រាកដមែន ដែលខ្លួនបានទិញពីបុរសម្នាក់ជនជាតិវៀតណាម នៅម្ដុំស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងតម្លៃ៥០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីយកមកវេចខ្ចប់លក់បន្ដ ក្នុងមួយកញ្ចប់តូចតម្លៃ៤ម៉ឺនរៀល ៕