បាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់បានដាច់ចិត្តធ្វើអត្តឃាតខ្លួនឯងដោយចងកសម្លាប់ខ្លួននៅនឹងមែកឈើខាងក្រោយផ្ទះ បន្ទាប់ពីបុរសរូបនេះបានសុំប្រពន្ធក្រោយរបស់ខ្លួនទៅចូលរួមមង្គលការកូនដើមតែត្រូវភរិយាក្រោយបដិសេធមិនឲ្យទៅទើបគេសម្រេចចិត្តបញ្ចប់ជីវិតតែម្តង។
យោងតាមការអះអាងពីលោក អធិការរង សារ៉េត វិសេដ្ឋបានឲ្យដឹងថា ករណីធ្វើអត្តឃាតនេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅត្រង់ចំណុចភូមិដីល្អ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងដោយជនរងគ្រោះមានឈ្មោះ ពូក ក្រឹម ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។
តាមការរៀបរាប់ពីស្ត្រីជាភរិយាក្រោយប្រាប់ទៅសមត្ថកិច្ចថាស្វាមីរបស់គាត់បានទទូចសុំគាត់ថាចង់ទៅចូលរួមក្នុងពិធីមង្គលការកូនដើមរបស់គាត់នៅឯភូមិដំណាក់បេង ឃុំបួរប៉ុន្តែគាត់បនាបដិសេធមិនឲ្យទៅ ដោយសារតែជីវភាពមានការខ្វះមុខ ខ្វះក្រោយទើបគាត់រារាំងមិនចង់ឲ្យធ្វើដំណើរឆ្ងាយ។
គ្រាន់តែហាមប៉ុណ្ណឹងស្រាប់តែមួយសន្ទុះក្រោយមកប្តីរបស់គាត់ក៏បត់ពីក្នុងផ្ទះគាត់ក៏បានឆ្លុះពិលដើររកមើលក៏បានប្រទះឃើញប្តីគាត់បានចងកទៅនៅមែកឈើខាងក្រោយផ្ទះស្លាប់បាត់ទៅហើយទើបគាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះទៅត្រួតពិនិត្យឲ្យបានជាក់ស្តែង។
លោកអធិការរងបានលើកឡើងថាជនរងគ្រោះពិតជាបានធ្វើអត្តឃាតដោយប្រើប្រាស់ខ្សែពណ៌ក្រហមចង ក ខ្លួនឯងយ៉ាងពិតប្រាកដ ដោយបច្ចុប្បន្នសមត្ថកិច្ចក៏បានប្រគល់សពទៅឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕