ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវសហការជាមួយកម្លាំងនគរបាលល្បាតរបស់ប៉ុស្តិ៍ឃាត់ខ្លួនពាក់ព័ន្ធករណីលួច(ប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ) កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង០០និង៣០នាទី កណ្តាលអាធ្រាត្រ នៅចំណុចផ្លូវបេតុង ក្រុម១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌបានឱ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ឌិន វ៉េវ ហៅវ៉េវ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួល ក្រុម១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ (ធ្លាប់ប្រើប្រាស់ថ្នាំញៀនរយៈពេល០៣ឆ្នាំ) និងទី២-ឈ្មោះ គឹម ផល្លី ហៅខ្មៅ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ (ធ្លាប់ប្រើប្រាស់ថ្នាំញៀនរយៈពេល០៣ឆ្នាំ)។
សម្ភារៈដកហូតរួមមានៈ ម៉ូតូ០១គ្រឿងម៉ាកស៊ុយស៊ីគី ស្មាស ពណ៌ស ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CE-1987 សម្រាប់ជិះធ្វើសកម្មភាព, ដែកលួសកែច្នៃ ០៣កំណាត់ សម្រាប់ឆ្កឹះសោរទ្វារផ្ទះ, កូនកំបិតអូតូមេតិចចុងស្រួចមួយ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរយកចម្លើយ ស្រាវជ្រាវរកបទល្មើសកន្លងមក កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនិតីវិធី៕