ពិធី​ បិទ​អង្គប្រជុំ​ បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧​ និង​លើក​ទិស​ដៅ​អនុវត្ត​បន្ត​ឆ្នាំ​ ២០១៨!

19-March-2018 | ដោយ ពលមនសិការ

ភ្នំពេញ​ ៖​ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​ប្រារព្ធ​ពិធី​ បិទ​អង្គប្រជុំ​ បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧​ និង​លើក​ទិស​ដៅ​អនុវត្ត​បន្ត​ឆ្នាំ​ ២០១៨​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​ កង​យោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ ឯកឧត្តម​ ឃួ​ង​ ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ព្រមទាំង​មានការ​ចូលរួម​ ពី​សំណាក់​ ឯកឧត្តម​ ឧត្តមសេនីយ៍​ មេបញ្ជាការ​ មេបញ្ជាការ​រង​ គ្រប់​បណ្តា​កងឯកភាព​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​ ប្រធាន​ អនុប្រធាន​ មន្ទីរ​-​ស្ថាប័ន​ ជុំវិញ​រាជធានី​ អភិបាល​ខណ្ឌ​ទាំង​១២​ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ និង​ភ្ញៀវ​កិត្តិយស​ សមាជិក​ សមាជិកា​ នៃ​អង្គប្រជុំ​បូក​សរុប​ទាំងមូល​យ៉ាងច្រើន​កុះករ​ នា​រសៀល​ថ្ងៃ​ទី​ ១៦​ ខែមីនា​ ឆ្នាំ​២០១៨​។​

ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ​ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​បង្ហាញ​មធ្យោបាយ​ប្រើប្រាស់​ក្នុង​ការ​ប្រតិបត្តិ​ការងារ​ របស់​ខ្លួន​យ៉ាង​សម្បូរ​បែប​ មាន​ទាំង​រថយន្ត​តូច​ធំ​ ម៉ូតូ​ហុងដា​ធុន​ 750cc​ និង​សម្ភារៈ​បំពាក់​ជាប់​ខ្លួន​កងកម្លាំង​ គ្រប់គ្រាន់​ ព្រមទាំង​បាន​ធ្វើការ​សម្តែង​ នូវ​បច្ចេកទេស​ប្រតិបត្តិការ​ ជូន​គណៈអធិបតី​និង​ភ្ញៀវ​កិត្តិយស​ទស្សនា​ យ៉ាង​ជក់ចិត្ត​។​

​ឧត្តមសេនីយ៍ឯក​ រ័​ត្ន​ ស្រ៊ា​ង​ មេបញ្ជាការ​រង​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​ មេបញ្ជាការ​ កងរាជអាវុធហត្ថ​ រាជធានី​ភ្នំពេញ​ បាន​លើក​ឡើង​ដោយ​សង្ខេប​ ពី​លទ្ធផល​ស្នាដៃ​ និង​ បទ​ពិសោធន៍​ការងារ​ ដែល​អង្គភាព​កងរាជអាវុធហត្ថ​ រាជធានី​ភ្នំពេញ​ អនុវត្ត​សម្រេច​បាន​ ក្នុង​រយៈពេល​១​ឆ្នាំ​ គិត​ចាប់ពី​ថ្ងៃ​ទី​០៦​ ខែ​១២​ ឆ្នាំ​២០១៦​ ដល់​ថ្ងៃ​ទី​០៥​ ខែ​១២​ ឆ្នាំ​២០១៧​ បទល្មើស​កើតឡើង​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​អាវុធហត្ថ​ស្រាវជ្រាវ​និង​កត់ត្រា​បាន​ សរុប​មាន​ចំនួន​៧៩៦​លើក​ ក្នុង​នោះ​អាវុធហត្ថ​រាជធានី​ ភ្នំពេញ​ម្ចាស់​ការ​បង្ក្រាប​សរុប​បាន​ចំនួន​ ៦០១​លើក​ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ ១,២៤៧​នាក់​ (​បញ្ជូន​ទៅ​តុលាការ​ចំនួន​ ១,០២៤​នាក់​,​ ប្រគល់​ឲ្យ​អង្គភាព​ពាក់ព័ន្ធ​ចំនួន​៥៩​នាក់​ និង​ បាន​អប់រំ​ឲ្យ​វិល​ត្រឡប់​ ទៅ​លំនៅ​ដ្ឋា​ន​វិញ​ចំនួន​ ១៦៤​នាក់​)​។​ ចាប់​យក​វត្ថុ​តាង​ រួម​មាន​៖​ អាវុធ​ខ្លី​ចំនួន​ ១៧​ដើម​,​ រថយន្ត​ ចំនួន​២២​គ្រឿង​,​ ម៉ូតូ​ចំនួន​ ២៣២​គ្រឿង​ និង​ថ្នាំ​ញៀន​ប្រភេទ​ មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ សរុប​ចំនួន​ ២,៥២៩​កញ្ចប់​ (​ស្មើនឹង​ ៣​ គីឡូក្រាម​ ៤១៦.៣៩​ ក្រាម​)​ ព្រមទាំង​ថ្នាំ​ញៀន​ប្រភេទ​ចម្រុះ​មួយ​ចំនួន​ទៀត​។

ឯកឧត្តម​ ឃួ​ង​ ស្រេង​ អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​សម្តែង​ការ​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធិ​ផល​ ក៏​ដូច​ជា​ស្នាដៃ​ទាំងឡាយ​ ដែល​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​សម្រេច​បាន​នា​ពេល​កន្លង​មក​ និង​សូម​កោតសរសើរ​ស្មារតី​ម្ចាស់​ការ​ខ្ពស់​ របស់​លោក​ឧត្តម​ សេនីយ៍​ឯក​ រ័​ត្ន​ ស្រ៊ា​ង​ ដែល​បាន​ដឹកនាំ​អង្គភាព​ឲ្យ​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​។​

​នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​ កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​ កងរាជអាវុធហត្ថ​ លើ​ផ្ទៃ​ប្រទេស​ បាន​សម្តែង​ការ​គាំទ្រ​និង​ឯកភាព​ ទៅ​លើ​របាយការណ៍​បូក​សរុប​ ការ​វាយតម្លៃ​ របស់​បញ្ជាការដ្ឋាន​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ជុំវិញ​សភាពការណ៍​ទូទៅ​ ក្នុង​ការ​ប្រតិបត្តិ​តួនាទី​ភារកិច្ច​ ក៏​ដូច​ជា​ការ​កសាង​ របស់​ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ដែល​បង្កើត​បានជា​ស្នាដៃ​ ជា​សមិទ្ធិ​ផល​ក្នុង​ឆ្នាំ​២០១៧​ កន្លង​មក​ និង​គាំទ្រ​ឯកភាព​ខ្ពស់​ ចំពោះ​ប្រសាសន៍​សំណេះសំណាល​ក្រើនរំលឹក​ដាស់តឿន​ចង្អុលបង្ហាញ​បន្ថែម​ទៀត​ របស់​ឯកឧត្តម​ ឃួ​ង​ ស្រេង​ អភិបាល​នៃ​ គណ​អភិបាល​រាជធានី​ភ្នំពេញ​ និង​ សូម​អបអរសាទរ​ស្នាដៃ​និង​សមិទ្ធិ​ផល​ក្នុង​ឆ្នាំ​២០១៧​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ជាមួយ​និង​ការ​ថ្លែង​នូវ​ការ​កោតសរសើរ​ដែល​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​ខិតខំ​ប្រឹងប្រែង​ អំណត់​ព្យាយាម​ ក្លាហាន​ ប្តូរផ្តាច់​ ក្នុង​ការ​អនុវត្ត​ភារកិច្ច​ ដែល​ធ្វើ​ឲ្យ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ក្លាយជា​កម្លាំង​រួម​មួយ​ មាន​លទ្ធភាព​សម្រេច​បាន​ នូវ​ស្នាដៃ​ និង​ភារកិច្ច​ ដូច​បាន​លើក​ឡើង​ខាងលើ​ ជា​ពិសេស​សូម​ថ្លែង​នូវ​ ការ​កោតសរសើរ​ ចំពោះ​ស្មារតី​ឯករាជ្យ​ ម្ចាស់​ការ​ របស់​ ឧត្តមសេនីយ៍ឯក​ រ័​ត្ន​ ស្រ៊ា​ង​ ដែល​ស្មារតី​ម្ចាស់​ការ​,​ ស្មារតី​សន្សំ​សំចៃ​,​ ស្មារតី​សាមគ្គី​ឯកភាព​ គឺជា​ស្មារតី​មិន​ធ្វើ​ខ្ញុំគេ​ ដូច្នេះ​អ្វី​ដែល​លោក​ឧត្តមសេនីយ៍ឯក​ រ័​ត្ន​ ស្រ៊ា​ង​ បាន​ដឹកនាំ​ធ្វើ​ដោយ​មិន​រង​ចាំ​ថ្នាក់លើ​ ដោយ​មិន​រង​ចាំតែ​ពី​ការ​សុំ​ជំនួយ​ គឺ​ពិតជា​ទទួល​បាន​លទ្ធផល​ល្អ​។​

​ជា​កិច្ចបញ្ចប់​ នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ បាន​ធ្វើការ​បំពាក់​គ្រឿង​ឥស្សរិយយស​ ដែល​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ គ្រឿងញៀន​ បាន​ស្នើ​សុំ​ផ្តល់​ជូន​ដល់​នាយ​អាវុធហត្ថ​ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ចំនួន​៣៣​រូប​ ដែល​មាន​ស្នាដៃ​ល្អ​ ក្នុង​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​រយៈកាល​កន្លង​មក​ និង​ប្រកាស​បិទ​កម្មវិធី​ បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧​ លើក​ទិស​ដៅ​ការងារ​បន្ត​ឆ្នាំ​២០១៨​ របស់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ប្រកបដោយ​ជោគជ័យ​៕

ចំនួនអ្នកទស្សនា

    20631497

  • ថ្ងៃនេះ7371
  • ម្សិលមិញ10851
  • សប្តាហ៍នេះ73891
  • ខែនេះ189041
  • ឆ្នាំនេះ189041
  • សរុប20631497