នគរបាល​បង្ក្រាប​ឃាត់ខ្លួន​អតីត​បុគ្គលិក​កាស៊ីណូ​ម្នាក់​ករណី​ការ​ជួញដូរ​ខុសច្បាប់​វេជ្ជសាស្ត្រ​ប្រភេទ​ថ្នាំពេទ្យ​ព្យាបាល​មនុស្ស​រឺ​សត្វ​យ៉ាង​សន្ធឹកសន្ធាប់​ត្រូវ​បាន​ឧក្រិដ្ឋជន​គ្រឿងញៀន​កែ​ច្នៃ​ប​ម្លែ​ង​ទៅ​ជា​គ្រឿងញៀន​

19-March-2018 | ដោយ ពលមនសិការ

​បន្ទាយ​មាន​ជ័យ​ ៖​ អតីត​បុគ្គលិក​កាស៊ីណូ​ម្នាក់​ដែល​កម្លាំង​នគរបាល​រក​ឃើញ​ករណី​ជួញដូរ​ខុសច្បាប់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​វេជ្ជសាស្ត្រ​ជា​ប្រភេទ​ថ្នាំពេទ្យ​វត្ថុ​រាវ​ច្រក​ដប​មានឈ្មោះ​(​កេ​តា​មីន​)​វា​មាន​មុខងារ​សម្រាប់​ព្យាបាល​មនុស្ស​ ឬ​សត្វ​បម្រើ​ទៅ​លើ​ការ​វះកាត់​បែរជា​ឧក្រិដ្ឋជន​គ្រឿងញៀន​យក​ទៅ​កែ​ច្នៃ​បំ​លែង​ទៅ​ជា​គ្រឿងញៀន​ដើម្បី​លក់​ចែកចាយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​តរង​ការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ចុង​កន្លង​ទៅ​ថ្មីៗ​នេះ​ ដោយ​ចោទប្រកាន់​ពី​បទ​ជួញដូរ​និង​ដឹក​ជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ហើយ​ជនសង្ស័យ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៨​ ត្រូវ​បាន​នគរបាល​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​កសាង​សំណុំរឿង​ចាប់​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​នោះ​ហើយ​។​

​ជនសង្ស័យ​មានឈ្មោះ​ វុ​ធ​ ស្រី​ម៉ិច​ ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ​ អតីត​បុគ្គលិក​កាស៊ីណូ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ បច្ចុប្បន្ន​គ្មាន​មុខរបរ​ពិតប្រាកដ​ រស់នៅ​ភូមិ​អូរ​ជ្រៅ​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្ត​ បន្ទាយ​មាន​ជ័យ​ ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ សហការ​និង​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​និង​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(BLO)​ បង្ក្រាប​ចាប់ខ្លួន​កាលពី​ថ្ងៃ​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​ថ្មីៗ​នេះ​ ថ្ងៃ​ទី​១៧​ ខែមីនា​ នៅ​ចំណុច​ខាង​មុ​ចហាង​គុយទាវ​កាស៊ីណូ​ព្រី​ន​សេស​ ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​១​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ក្រោម​ការ​ដឹក​កម្លាំង​បង្ក្រាប​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី​ ចាប​ សុ​ផា​ប្ញ​ទ្ធិ​ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ ក្រោម​ការ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​ពី​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​លោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ និង​មានការ​សម្របសម្រួល​នីតិវិធី​ ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​។​

​លោក​វរសេនីយ៍ត្រី​ ង៉េ​ង​ សុខ​ជា​ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ការ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ក្រោយ​ពី​កម្លាំង​នគរបាល​ជំនាញ​បាន​ស្រាវជ្រាវ​ស៊ើបអង្កេត​ចំណាយពេល​ជិត​១​ស​ប្តា​ហ៍​រក​ឃើញ​ថា​មានការ​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់​តាម​រយៈ​វេជ្ជសាស្ត្រ​ថ្នាំពេទ្យ​យក​ទៅ​ប្រើប្រាស់​ក្នុង​ក្លឹ​បរាំ​កម្សាន្ត​ឌូ​ស្កូ​ចំណុច​កាស៊ីណូ​ក្រុង​ប៉ោយ​ប៉ែ​ត​ហើយ​បន្ទាប់​មក​កម្លាំង​នគរបាល​ជំនាញ​ក៏​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ​ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ធ្វើ​សកម្មភាព​ជាក់ស្តែង​។​

លោកនាយ​ការិយាល័យ​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ សមត្ថកិច្ច​ឆែកឆេរ​ត្រួតពិនិត្យ​នៅ​ក្នុង​កែបម៉ូតូ​រក​ឃើញ​ថ្នាំពេទ្យ​វេជ្ជសាស្ត្រ​វត្ថុ​រាវ​ច្រក​ដប​ឈ្មោះ​(​កេ​តា​មីន​)​ចំនួន​២​ប្រអប់​ធំ​ស្មើ​និង​១៥០​ដប​មាន​ទម្ងន់​ទឹក​ថ្នាំ​១៥០០​ក្រាម​។​

​លោកនាយ​ការិយាល័យ​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​ថ្នាំ​កេ​តា​មីន​ត្រូវ​គេ​ចាត់ទុកជា​គ្រឿងញៀន​ដែល​វា​មាន​ឥទ្ធិពល​ប្រហាក់ប្រហែល​និង​ថ្នាំ​ញៀន​អ៊ិ​ច​ស្តា​ស៊ី​ ធ្វើ​ឱ្យ​មនុស្ស​អ្នក​ប្រើប្រាស់​ រំជើបរំជួល​អារម្មណ៍​ សប្បាយ​មិនដឹង​ខ្លួន​។​ ប្រភេទ​ថ្នាំ​កេ​តា​មីន​គេ​ប្រើប្រាស់​វា​ស្របច្បាប់​តែ​ក្នុង​មន្ទីរពេទ្យ​ ឬ​កន្លែង​វះកាត់​អ្នកជំងឺ​ និង​អ្នក​រង​របួស​ ទៅ​តាម​វេជ្ជបញ្ជា​ ព្យាបាល​មនុស្ស​ឬ​សត្វ​ប៉ុណ្ណោះ​។​ ប៉ុន្តែ​យោង​ទៅ​លើ​ឥទ្ធិពល​ពី​វា​ផ្សេង​ទៀត​ ក្រៅ​ក្បួន​វេជ្ជសាស្ត្រ​ ពួក​ឧក្រិដ្ឋជន​គ្រឿងញៀន​បាន​កែ​ច្នៃ​ប​ម្លែ​ង​វា​ជា​គ្រាប់​សម្រាប់​លេប​ ឬ​ជា​ប្រភេទ​ម្សៅ​ សម្រាប់​ហិត​ រឺ​លាយ​ទឹក​ផឹក​ជំនួស​ការ​ប្រើប្រាស់​គ្រឿងញៀន​ ៕

ចំនួនអ្នកទស្សនា

    20631607

  • ថ្ងៃនេះ7481
  • ម្សិលមិញ10851
  • សប្តាហ៍នេះ74001
  • ខែនេះ189151
  • ឆ្នាំនេះ189151
  • សរុប20631607