បាត់ដំបង ៖ រយៈពេលពេញមួយថ្ងៃ គឺនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ គេសង្កេតឃើញថាមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកាំកុងត្រូលបានសហការជាមួយកម្លាំងចម្រុះគឺមានកម្លាំងសាខាកាំកុងត្រូលខេត្តបាត់ដំបង និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម បានចុះត្រួតពិនិត្យទំនិញតាមផ្សារនិងប្រេងឥន្ទនៈតាមស្ថានីយ៍មួយចំនួននៅក្រុងបាត់ដំបង ដើម្បីពិនិត្យទាំងគុណភាពនិងបរិមាណផងដែរ។
បើតាមការបង្ហើបឱ្យដឹងពីមន្ត្រីសាខាកាំកុងត្រូលខេត្ត បាននិយាយថា កម្លាំងដែលមកពីអគ្គនាយកដ្ឋានកាំកុងត្រូល គឺជាជំនាញនៃមន្ទីរពិសោធន៍ចល័ត ផ្នែកម្ហូបអាហារនិងផ្នែកប្រេងឥន្ធនៈ ដោយបានរកឃើញលទ្ធផលមិនប្រក្រតីមួយចំនួន នៅតាមស្ថានីយ៍ចំនួន៧ ដែលកម្លាំងជំនាញបានចុះត្រួតពិនិត្យ គឺខុសបរិមាណចំនួន២ទីតាំង ឯ ៥ទីតាំងទៀតខុសទាំងបរិមាណ និងខុសទាំងគុណភាពប្រេង។
ការចុះត្រួតពិនិត្យផ្នែកម្ហូបអារហារ គឺបានធ្វើទៅលើផ្សារ ចំនួន៣ផ្សារ គឺមាន ទី១.ផ្សារលើ ទី២.ផ្សារបឹងឈូក និងទី៣.ផ្សារភូពុយ ដោយជំនាញបានយកគំរូចំនួន ១១៨គំរូ មកពិនិត្យ គឺបានរកឃើញ មានតែ២គំរូ ប៉ុណ្ណោះ ដែលមានវត្តមានសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) ដែលមាននៅក្នុងសសៃគុយទាវ សរសៃធំ និង មីដុំសរសៃលឿង ។
បន្ទាប់ពីកម្លាំងចម្រុះបានរកឃើញលទ្ធផលទាំងនេះហើយ មន្ត្រីជំនាញអគ្គនាយកដ្ឋានកាំកុងត្រូលបានធ្វើការណែនាំដល់ពួកគេ និង ចាប់ឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនូវការកេងបន្លំបែបនេះតទៅទៀត បើមានជាលើកទៅ២ និងលើកទី៣ អង្គភាពជំនាញនឹងស្នើសុំដកហូតអាជ្ញាប័ណ្ណ ដោយមិនអនុញ្ញាតឱ្យបន្តអាជីវកម្មតទៅទៀតបានឡើយ។
ខាងជំនាញបានអំពាវនាវបន្ថែមទៀតដល់អ្នកផលិតម្ហូបអាហារ អាជីវករដាក់លក់លើទីផ្សារទាំងអស់ក្នុងខេត្តបាត់ដំបងនាំគ្នាបញ្ឈប់លក់ម្ហូបអាហារដែលមានលាយសារធាតុគីមីបន្តទៀតនិងស្ថានីយ៍ប្រេងឥន្ទនៈទាំងអស់ក៏ត្រូវបញ្ឈប់ការកេងបន្លំទាំងបរិមាណនិងគុណភាពក្នុងការលក់ជូនអតិថិជនបន្តទៀតផងដែរ ។
ប្រភពជាច្រើនបានខ្សិបខ្សៀវគ្នាថា ការកេងបន្លំ ទាំងបរិមាណ និងគុណភាពប្រេងរបស់ស្ថានីយ៍ទាំងអស់នេះ គឺម្នាក់ៗឡើងជាឧញ៉ាអស់ហើយ ព្រោះការពិនិត្យទៅលើស្ថានីយ៍តែ៧ប៉ុណ្ណោះ គឺបានរកឃើញកំហុសទាំង៧កន្លែង ចុះទម្រាំស្ថានីយ៍ដទៃទៀតតើពួកគេកេងប្រវ័ញ្ចប៉ុណ្ណាពីអតិថិជន ពិសេសគឺអ្នករត់ម៉ូតូឌុប និងប្រជាកសិករ។
នៅក្នុង៧ស្ថានីយ៍នេះ គេសង្កេតឃើញមានកន្លែងរបស់លោកមន្ត្រី ប៉េអឹម រ៉ុង ប៉ុក កន្លែងរបស់លោកឧកញ៉ា ស៊ីន ឃីម កន្លែងរបស់លោកឧកញ៉ា វែង ស្រ៊ុន និងកន្លែងស្ថានីយ៍ ពិន ជុំ ជាដើម ។ល។ ដោយការបាត់បរិមាណ មានតិច និងច្រើន ពិសេសគឺស្ថានីយ៍ដែលធំពេលណា ការបាត់កាន់តែច្រើនពេលនោះ ដោយមិនត្រឹមតែបាត់ប៉ុណ្ណោះទេ ថែមទាំងបានបន្លំគុណភាពប្រេងទៀតផង ដោយគេយកប្រេងធម្មតា លក់ធ្វើជាប្រេងស៊ូពែ ជាដើម ដើម្បីទទួលបាននូវប្រាក់កម្រៃកាន់តែខ្ពស់ ដូច្នេះគួរតែអស់លោកឈប់ប្រព្រឹត្តនូវទង្វើដ៏អាក្រក់បែបនេះទៅ៕