តាកែវ ៖ ចោរលួចរថយន្ត២នាក់ត្រូវបានកម្លាំងនគរបាលខេត្តតាកែវបង្ក្រាបនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅវេលាម៉ោង០២ និង៥៣នាទី ស្ថិតនៅភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី ។
សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុ ក្រុមចោរបានចូលលួចរថយន្ត នៅផ្ទះរបស់ឈ្មោះ ណាំ សោភ័ណ្ឌ ភេទប្រុស ជាអធិការរង នៃអធិការដ្ឋាននគរបាលស្រុកបាទី ស្ថិតនៅភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី ភ្លាមៗក្រោយពេលទទួលព័ត៌មានពីម្ចាស់ផ្ទះថា មានជនសង្ស័យ០៣នាក់ ជិៈម៉ូតូ០២គ្រឿង បានចូលលួចរថយន្តរបស់គាត់ រួចជិៈម៉ូតូសំដៅទៅទិសខាងលិច ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងសាប សហការជាមួយកម្លាំងនគរបាលស្រុកបាទី រួមនឹងកម្លាំងប្រជាការពារបានធ្វើការពួនស្ទាក់គ្រប់ច្រកល្ហក ពេលនោះបានប្រទះឃើញម៉ូតូជនសង្ស័យ០១គ្រឿង ជិះគ្នា០២នាក់ ត្រូវបានសមត្ថកិច្ចយើងឃាត់មិនព្រមឈប់ ហើយកម្លាំងប៉ុស្តិ៍ត្រពាំងសាបជិៈម៉ូតូដេញប្រកិតតាមពីក្រោយលើផ្លូវលំនិងបានហៅវិទ្យុទាក់ទងទៅអោយកម្លាំងនៅខាងមុខ ស្ទាក់ឃាត់តែពុំព្រមឈប់ ក៏បានបាញ់គំរាមភ្ជុចដីចំនួន០២គ្រាប់ បណ្តាលអោយផ្លាតត្រូវជនសង្ស័យដែលជិះខាងក្រោយឈ្មោះ សែម ចាវ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទី បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ ចំណុចភូមិស្តុកប្រីយ៍ ឃុំត្រពាំងសាប ចម្ងាយពីផ្ទះធ្វើសកម្មភាពប្រមាណ០៣គីឡូម៉ែត្រ។ រីឯជនសង្ស័យជាអ្នកបើកបរម៉ូតូឈ្មោះ សឿន ពៅ ហៅ អ៊ឹប ភេទប្រុស អាយុ២១ឆ្នាំ ត្រូវបានចាប់ខ្លួន និងឆែកឆេររកឃើញថ្នាំញៀន១០កញ្ចប់តូចផងដែរ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី។