បន្ទាយមានជ័យ ៖ ក្រុមហ៊ុនផ្គត់ផ្គង់បណ្តាញទឹកស្អាតដាក់តាមបណ្តោយផ្លូវជាតិលេខ៥ ត្រូវរុះរើចេញអោយបានឆាប់ដោយខ្លួនឯងដើម្បីសម្រួលការកសាងផ្លូវជាតិលេខ៥ ក្នុងកិច្ចប្រជុំនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
លោក ឈុំ ផល្លា ប្រធាននាយកដ្ឋានគម្រោងកសាងផ្លូវថ្នល់បានមានប្រសាសន៍ថា កិច្ចប្រជុំពេលនេះដើម្បីផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលកម្ពុជាករណីសំណើរសុំអនុសាសន៍ណែនាំខ្ពង់ខ្ពស់លើគោលការណ៍ដោះស្រាយផលប៉ះពាល់ដល់បណ្តាញផ្គត់ផ្គង់ទឹកស្អាតរបស់ប្រតិបត្តិករឯកជនដែលទទួលផលប៉ះពាល់ដោយសារគម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈផ្សេងៗ។
លោកបានបញ្ជាក់ថា សេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលកម្ពុជាទី១.ដើម្បីធានាសមធម៌និងសមភាពក្នុងការអនុវត្តគោលនយោបាយដោះស្រាយផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍គណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ត្រូវចាត់ទុកម្ចាស់អាជីវកម្មទឹកស្អាតរងផលប៉ះពាល់ដោយសារគម្រោងថាជាអ្នករងផលប៉ះពាល់ផលដែលក្នុងការរៀបចំផែនការសកម្មភាពដោះស្រាយផលប៉ះពាល់នាពេលអនាគត់, ទី២.ដើម្បីជៀសវាងម្ចាស់អាជីវកម្មទឹកស្អាតទាំងនេះឆ្លៀតកេងចំណេញពីគម្រោងដែលបម្រើអោយប្រយោជន៍សាធារណៈស្របពេលដែលខ្លួនបាននិងកំពុងអាស្រ័យផលពីអាជីវកម្មទឹកស្អាតរបស់ខ្លួនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវកំណត់គោលការណ៍អនុវត្តនិងគោលការណ៍សំណង់គោលនយោបាយ។ ក្រសួងសាម៉ីអនុវត្តគម្រោងត្រូវសហការជាមួយក្រុមហ៊ុនសាងសង់និងម្ចាស់អាជីវកម្មទឹកស្អាតនីមួយៗធ្វើការជីកកាយទីតាំងកប់បណ្តាញបំពង់ទឹកស្អាតចាស់និងទីតាំងថ្មីដើម្បីអោយម្ចាស់អាជីវកម្មទឹកស្អាតធ្វើការរុះរើឬរំកិលបណ្តាញបំពង់ទឹកស្អាតរបស់ខ្លួនដោយខ្លួនឯង។ ការធ្វើដូចនេះអាចកាត់បន្ថយនូវការខូចខាតដល់បំពង់ទឹកនិងអាចសន្សំសំចៃថវិការជាតិបានមួយចំនួនធំ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ពេលនេះត្រូវអនុវត្តតាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលកម្ពុជាបានណែនាំដល់ក្រុមហ៊ុនទឹកស្អាតដែលផ្គត់ផ្គង់ទឹកស្អាតតាមបណ្តោយផ្លូវជាតិលេខ៥ត្រូវតែរុះរើនិងរំកិលបណ្តាញបំពង់ទឹកស្អាតរបស់ខ្លួនអោយឆាប់ដើម្បីការកសាងផ្លូវជាតិលេខ៥មានភាពរលូននិងដំណើរការល្អដោយមិនមានការរាំស្ទះបានឡើយ។ ព្រោះផ្លូវជាតិលេខ៥កំពុងដំណើរការកសាងជាបណ្តើរក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ៕