ជួញដូរ​គ្រឿងញៀន​រួច​រត់គេច​ខ្លួន​លុះ​ត្រឡប់​មក​វិញ​ត្រូវ​នគរបាល​ក្របួច​ជាប់​

23-March-2018 | ដោយ ពលមនសិការ

​កណ្ដាល​ ៖​ បុរស​ម្នាក់​ធ្វើ​សកម្មភាព​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ រួច​រត់គេច​ខ្លួន​ពី​លំនៅ​ដ្ឋា​ន​អស់​ជា​ច្រើន​ខែ​ លុះ​ត្រឡប់​មក​វិញ​ត្រូវ​បាន​នគរបាល​ស្រុក​អង្គស្នួល​ចាប់ខ្លួន​ដោយ​អនុវត្ដ​ដីកា​របស់​សាលាដំបូង​ខេត្ដកណ្ដាល​ ។​ ករណី​ចាប់ខ្លួន​ខាងលើ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១៨​ ត្រង់​ចំណុច​ផ្លូវលំ​ ស្ថិត​ក្នុងភូមិ​ស្រែ​កណ្តោល​ ឃុំ​ម្កាក់​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ។​

​មន្ដ្រី​នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា​ ជន​ត្រូវ​ចោទ​ចាប់ខ្លួន​បាន​មានឈ្មោះ​ វ៉េ​ន​ អាត​ ហៅ​អុក​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ ខ្មែរ​មុខរបរ​ កម្មករ​ មាន​ទីលំនៅ​ភូមិ​ស្រែ​កណ្តោល​ ឃុំ​ម្កាក់​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​។​ ជន​នេះ​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​០០៨​ ដ​.​ក​.​ច​.​ខ​.​ ចុះ​ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០១៨​ ចុះហត្ថលេខា​ដោយ​លោក​ គឹ​ម​ ម៉េ​ង​ ចៅក្រម​សើ​ប​សួរ​នៃ​សាលាដំបូង​ខេត្តកណ្តាល​ ចោទប្រកាន់​ពី​បទ​ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ដែល​ប្រព្រឹត្ត​នៅ​ភូមិ​អង្គ​រមាស​ ឃុំ​ម្កាក់ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ កាលពី​ថ្ងៃ​ទី​២៥​ ខែសីហា​ឆ្នាំ​២០១៧​ ។​

​ប្រភព​ដដែល​បន្ដ​ថា​ ក្រោយ​ពី​ជនសង្ស័យ​ប្រព្រឹត្ដិ​បទល្មើស​ជួញដូរ​គ្រឿងញៀន​រួច​ ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ពី​លំនៅ​ដ្ឋា​ន​ដោយ​ពុំ​ដឹង​ថា​ ទៅ​រស់នៅ​ឯ​ខេត្ដ​ណា​នោះ​ទេ​ ទើប​ចៅក្រម​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​ លុះ​មក​ដល់​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១៨​ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ថា​ ជនសង្ស័យ​កំពុង​រស់នៅ​ក្នុង​មូលដ្ឋាន​ ភ្លាម​នោះ​កម្លាំង​ជំនាញ​ស្រុក​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​ ចុះ​ធ្វើការ​ចាប់ខ្លួន​ដោយ​អនុវត្ដ​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្ដ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ដ​ចាត់ការ​បន្ដ​ ៕​

ចំនួនអ្នកទស្សនា

    20630247

  • ថ្ងៃនេះ6121
  • ម្សិលមិញ10851
  • សប្តាហ៍នេះ72641
  • ខែនេះ187791
  • ឆ្នាំនេះ187791
  • សរុប20630247