រតនគិរី ៖ ជនសង្ស័យពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់គ្រឿងញៀន ២នាក់ ត្រូវជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការរដ្ឋាននគរបាលខេត្តរតនគិរី បញ្ជូនខ្លួននិងភស្ដុតាងមួយចំនួន ទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ។
តាមការឲ្យដឹងការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលបានបញ្ជូនទៅតុលាកានៅព្រឹកនេះ ១.មានឈ្មោះ សាន ផានិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិសង្កែ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ២.ឈ្មោះ ហាង វិសាល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ចំណែកវត្ថុតាង ដែលឆែកឆេរ រឹបអូសបានមាន ម្សៅក្រាមពណ៌សថ្លា ចំនួន២ថង់ធំ មានទម្ងន់៥១.១៥ក្រាម កាបូបមួយ មានលុយចំនួន៣ម៉ឺនរៀល ទូរស័ព្ទដៃសេរីចាស់២គ្រឿង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹកផងដែរ។
លោកវរសេនីយ៍ទោ លាង អ៊ីម នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ត្រូវកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការខេត្ត ឃាត់ខ្លួននៅវេលាម៉ោង ៦និង១០នាទី កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ក្នុងបន្ទប់លេខ២ នៃម៉ូតែល កាឡាក់ស៊ី២។ ហើយការបង្ក្រាបបានសម្រេចនេះ បន្ទាប់ពី កម្លាំងជំនាញធ្វើការតាមដាន និងប្រើវិធានការញុះញុង ឲ្យលក់ដោយខុសច្បាប់ ហើយធ្វើការឃាត់ខ្លួនតែម្ដង។ លោកបានបន្តថា ការបង្ក្រាបបានជោគជ័យនេះ ដោយមានការយកចិត្តទុកដាក់ពីគណៈកម្មការត្រួតពិនិត្យគ្រឿងញៀនខេត្ត លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត និងលោកស្នងការរងទទួលផែនប្រឆាំងបទល្មើសផងដែរ៕