កំពង់ស្ពឺ ៖ កម្លាំងនគរបាលខេត្តសហការជាមួយកម្លាំងនគរបាលស្រុកគងពិសី បានចុះបង្ក្រាបទីតាំងទទួលផលចោរកម្មនិងកែច្នៃម៉ូតូមួយកន្លែងឃាត់ខ្លួនជនសង្ស័យ៣នាក់និងវត្ថុតាងជាច្រើន។ ប្រតិបត្តិការបង្ក្រាបទីតាំងទទួលផលចោរកម្មនិងកែច្នៃម៉ូតូខាងលើបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨។
លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការខេត្តកំពង់ស្ពឺបានឲ្យដឹងថាបន្ទាប់ពីទទួលដំណឹងថាមានកន្លែងបើកទទួលផលចោរកម្មនិងកែច្នៃម៉ូតូខុសច្បាប់លោកបានចាត់កម្លាំងជំនាញសហការជាមួយកម្លាំងនគរបាលស្រុកនិងសម្របសម្រួលផ្លូវច្បាប់ដោយលោក អ៊ូ ផាត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ។
លោកឧត្តសេនីយ៍ទោ ស្នងការបានបន្តថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនរួមមានទី១-ឈ្មោះ ថន ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិរាំង ឃុំជង្រុក ស្រុកគងពិសី, ទី២- ឈ្មោះ វ៉ាន់ ជីវ័ន្ត ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិតាំងតាង៉ក ឃុំព្នៅ២ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង និងទី៣-ឈ្មោះកៅ វុត្ថា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិអង្គត្រាវខាងត្បូង ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។
យោងតាមចម្លើយរបស់មុខសញ្ញាសង្ស័យទទួលផលចោរ កម្មនិងកែច្នៃម៉ូតូមិនប្រក្រតី សមត្ថកិច្ច បានធ្វើការឆែកឆេរផ្ទះជនសង្ស័យឈ្មោះ ថន ពិសិដ្ឋ រកឃើញម៉ូតូមិនប្រក្រតី ចំនួន ៨គ្រឿង រួមមានៈ១,ម៉ូតូម៉ាកឌូក ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ កណ្តាល 1F-3939 ២,ម៉ូតូម៉ាកកាវ៉ាសាគី ពណ៌ទឹកក្រូច លាយខ្មៅ ស្លាកលេខ ភ្នំពេញ 1GL-8853 ៣,ម៉ូតូម៉ាកXR ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1W-9134 ៤,ម៉ូតូម៉ាកMSX ពណ៌ខ្មៅ លាយស ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-4412 ៥,ម៉ូតូម៉ាកស៊ូមើអ៊ិច ពណ៌ខ្មៅលាយស ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GN-1205 ចំណែក ម៉ូតូ០៣ គ្រឿងទៀតពាក់ព័ន្ធនិងមធ្យោបាយចែកចាយសារធាតុគ្រឿងញៀនសំយោគ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺចាត់ការតាមនីតិវិធី៕