ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហាញមុខជាសាធារណៈ ជនសង្ស័យ៤នាក់ដែលជាមុខសញ្ញាលួចមានស្ថានទម្ងន់ទោស(ឆក់សម្ភារៈប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈ) និងបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាក្រុមជនសង្ស័យខាងលើធ្លាប់ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋចំនួន៨ករណីរួមមានៈ
ករណីទី១- ក្រុមជនសង្ស័យធ្លាប់ប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបយួរដៃ)កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១៩និង៥០នាទី នៅចំណុចមុខផ្ទះលេខ៥៧ ផ្លូវលេខ១៦៣ ក្រុមទី២៤ ភូមិទី៣ សង្កាត់អូរឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ នៅ រតនា ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ៥៧ ផ្លូវ១៦៣ ភូមិ៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរនៅផ្ទះ។
សម្ភារៈបាត់បង់ៈ ទូរស័ព្ទដៃ ចំនួន០២គ្រឿង ម៉ាក IPhone7Plus ពណ៌ខ្មៅ ស៊ីមកាតលេខ ០១២ ៨៤៧ ៤៩០ និងម៉ាកIPone5 ពណ៌ស ស៊ីមកាតលេខ ០១២ ២៥៥ ១៧៩, ប្រាក់ដុល្លារ ចំនួន ២,៣០០ដុល្លារអាមេរិក,ប្រាក់រៀល ៥០០,០០០ រៀល, ប្រាក់ដុល្លារអូស្ត្រាលី ចំនួន ៥០០។
ករណីទី២- ក្រុមជនសង្ស័យធ្លាប់ប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយពណ៌ខ្មៅ) កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១៦និង១០ នាទី នៅចំណុចមុខផ្ទះលេខ៥៦៨ ផ្លូវលេខ១២៨ ភូមិ៨ ក្រុមទី១៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះនួន ច័ន្ទផល្លា ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរស្នាក់នៅ ផ្ទះលេខ២៥៧ ផ្លូវលេខ ១១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ បុគ្គលិករោងចក្រ។
សម្ភារៈបាត់បង់ៈ កុំព្យូទ័រយួរដៃម៉ាក ACER ប្រាក់ដុល្លារចំនួន៨១០ដុល្លារអាមេរិក, ប្រាក់រៀលចំនួន១០ម៉ឺនរៀល និងឯកសារមួយចំនួន។
ករណីទី៣- ក្រុមជនសង្ស័យធ្លាប់ប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរដៃ) កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល០៧និង៣៥នាទី នៅចំណុចកណ្តាលផ្លូវលេខ៦១៦ កែង២៨៧ មុខផ្ទះលេខ៣១ ផ្លូវលេខ៦១៦ ក្រុម៨៦ ភូមិ១៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ស៊ុម ផល្លី ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ១៦ ផ្លូវលេខ៦១៨ ក្រុម៨៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរគ្រូបង្រៀន។
សម្ភារៈបាត់បង់ៈ កាបូបដៃពណ៌ខ្មៅ១, ប្រាក់រៀល៥០ម៉ឺនរៀល, ប្រាក់ដុល្លារ៤០ដុល្លារអាមេរិក, ទូរស័ព្ទដៃចំនួន០២ ម៉ាក IPhone X និងម៉ាកIPhone6 និងឯកសារមួយចំនួន។
ករណីទី៤-ក្រុមជនសង្ស័យធ្លាប់ប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរដៃ ) កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង០៦និង៣០នាទី នៅចំណុចលើស្ពានអាកាស៧មករា ផ្លូវ១២៨ ក្រុម២៣ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ សែ រដ្ឋា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ០៨០B ផ្លូវលំ ក្រុម២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរនិស្សិត។ សម្ភារៈបាត់បង់ៈ ប្រាក់រៀល១០ម៉ឺនរៀល, ចិញ្ចៀនផ្លាកទីន ២វង់, ក្រវិលផ្លាកទីន១គូ និងឯកសារផ្សេងៗ មួយចំនួន។
ករណីទី៥-ក្រុមជនសង្ស័យធ្លាប់ប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោស (ឆក់កាតាបស្ពាយ ) កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល០៦និង៣០នាទី នៅចំណុចភ្លើងស្តុបផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ករណីទី៦-ក្រុមជនសង្ស័យធ្លាប់ប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១៦និង១០នាទី នៅចំណុចមុខទីស្តីការគណៈរដ្ឋមន្ត្រី ផ្លូវសហព័ន្ធរុស្សី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ករណីទី៧-ក្រុមជនសង្ស័យធ្លាប់ប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ ) កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១៣និង១០នាទី នៅចំណុចមុខសាលាបឋមសិក្សាទួលគោក ផ្លូវលេខ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ករណីទី៨-ក្រុមជនសង្ស័យធ្លាប់ប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១៨និង១០នាទី នៅចំណុចមុខសាលាបឋមសិក្សាទួលគោក ផ្លូវលេខ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានបន្តថាជនសង្ស័យទាំង៤នាក់ដែលនគរបាលឃាត់ខ្លួនរួមមានទី១-ឈ្មោះ ថៃ ពិសិដ្ឋ ហៅខ្ចៅ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវមិនចាំលេខ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ទី២-ឈ្មោះ ហ៊ូ គីមហាប់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១១A វិទ្យាល័យសន្ធរម៉ុក ស្នាក់នៅមិនពិតប្រាកដ, ទី៣-ឈ្មោះ ស៊ឹម គឹមនិត ហៅធូ គឹមនិត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សវិទ្យាល័យព្រែកឯង ថ្នាក់ទី១០C ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ និងជនសង្ស័យទី៤-ឈ្មោះ ធិន សេងហាក់ ហៅ ហាក់Z ហៅ តួ ភេទ ប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យច្បារអំពៅ ថ្នាក់ទី១២C២ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកៈ ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ក្រហម សេរីឆ្នាំ ២០១៧ លេខតួ ៩០០៣២៤១ លេខម៉ាស៊ីន ៩០០៣៤៤៩ ស្លាកលេខ ភ្នំពេញ 1GU-9841, ម៉ូតូម៉ាក SUZUKI Nex ពណ៌ស ឆ្នាំផលិត២០១៨ លេខតួ ៣៣៤៦៦៣ លេខម៉ាស៊ីន ៣៣៤៦៦៣ ពាក់ស្លាកលេខ ភ្នំពេញ 1GY-1402, ម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ ១២៥ ពណ៌ ទឹកប្រាក់ ឆ្នាំផលិត២០១៨ លេខតួ-លេខម៉ាស៊ីន ៥១៩៤៣៨៥ ពាក់ស្លាកលេខ ភ្នំពេញ 1GX-2338។ ភស្តុតាងចាប់យកជារបស់ជនរងគ្រោះ កុំព្យូទ័រយួរដៃ ម៉ាក ACER។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ការិយាល័យបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕