ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធានិងលោកជំទាវ ឧត្តមសេនីយ៍ទោ ជ័យ បុប្ផា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទួលបដិសណ្ឋារកិច្ចប្រតិភូថៃ ដឹកនាំដោយ វេជ្ជបណ្ឌិតប៉ាស្កន ចៃវ៉ានិចស៊ីរី នៅព្រលានអន្តរជាតិភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានទទួលស្វាគមន៍ភ្ញៀវ និងសូមជូនពរឲ្យការស្នាក់នៅបំពេញបេសកកកម្មរបស់ប្រតិភូទាំងអស់នៅលើទឹកដីកម្ពុជាព្រះរាជាណាចក្រអច្ឆរិយទទួលបានផាសុខភាពនិងជោគជ័យ។
តាមការឲ្យដឹងរបស់លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា ថា ពីថ្ងៃទី២៦-២៨ ខែមីនា ឆ្នាំ២០១៨ តំណាងស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រទេសទាំងពីរកម្ពុជា-ថៃ នឹងទៅធ្វើទស្សនកិច្ចការងារនៅមណ្ឌលព្យាបាលនិងស្តារនីតិសម្បទារបស់កងពលអន្តរាគមន៍លេខ១១ខេត្តកំពត មណ្ឌលជាតិព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅកែវផុសខេត្តព្រះសីហនុ និងមណ្ឌលឱកាសខ្ញុំរាជធានីភ្នំពេញ និងពិភាក្សាពីតម្រូវការងារព្យាបាល និងស្តារនីតិសម្បទាជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕