បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋប្រមាណជិត១០០នាក់បាននាំគ្នាមកតវ៉ាសុំដោះលែងអ្នកស្រី ឡុង សុគន្ធី ដែលសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកសាលាដំបូងខេត្តដែលត្រូវបាននាំគ្នាធ្វើការតវ៉ានៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅមុខសាលាដំបូងខេត្តបន្ទាយមានជ័យ។
ឈ្មោះ លឹម ឈុនទ្រី ហៅម៉ាប់ទ្រី បានឲ្យដឹងថាមូលហេតុដែលប្រជាពលរដ្ឋប្រមាណជិត១០០នាក់នាំគ្នាមកតវ៉ានៅមុខសាលាដំបូងខេត្តបន្ទាយមានជ័យគឺតំណាងអោយប្រជាពលរដ្ឋចំនួន២៤០គ្រួសារដែលមកពីភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ ដែលនាំគ្នាតវ៉ាសុំអោយប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យដោះលែងអ្នកស្រី ឡុង សុគន្ធី ភេទស្រី អាយុ៤៦ឆ្នាំ ដែលមានប្តីឈ្មោះ ណង នី អាយុ៥២ឆ្នាំ មានកូន៤នាក់។
តំណាងប្រជាពលរដ្ឋបានបន្តថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នៅតាមដងផ្លូវជាតិលេខ៥ ស្ថិតភូមិសាលាក្រហមឃុំសំរោង ស្រុកអូរជ្រៅ ដែលកម្លាំងសមត្ថកិច្ចក្រុមបានឃាត់ខ្លួនអ្នកស្រី ឡុង សុគន្ធី ខណៈពេលដែលអ្នកស្រីជិះម៉ូតូជាមួយឈ្មោះ ឡាយ ស្រីមុំ ភេទស្រី អាយុ៤៩ឆ្នាំ។ក្រោយពេលឃាត់ភ្លាមៗនោះសមត្ថកិច្ចប្រាប់ថាឃាត់ខ្លួនតាមដីកាបង្គាប់ពីសាលាដំបូងខេត្តបន្ទាយមានជ័យដែលចោទប្រកាន់ករណីទំនាស់ដីធ្លីហើយភ្លាមៗត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ។
តំណាងប្រជាពលរដ្ឋបានបញ្ជាក់ថាជាការពិតអ្នកស្រី ឡុង សុគន្ធី គឺជាតំណាងប្រជាពលរដ្ឋមានទំនាស់ដីធ្លី២៤០គ្រួសារ ស្ថិតភូមិថ្នល់បត់ ឃុំអូរបីជាន់ ដែលទំនាស់ដីធ្លីជាមួយលោកឧកញ៉ា សំ ផាន់រិទ្ធ ដែលមានផ្ទៃដី១,៨៨៥,៥ហិតាដែលទំនាស់តាំងពីឆ្នាំ១៩៩៩ រហូតដល់ពេលនេះដោះស្រាយមិនទាន់បញ្ចប់ហើយដីនោះប្រជាពលរដ្ឋបានធ្វើលំនៅដ្ឋានមានចំនួន៨៦ខ្នង និងអាស្រ័យផលប្រមាណ៨០ភាគរយគឺដាំដំឡូងមីរាល់ឆ្នាំ។
ក្រោយពេលដែលប្រជាពលរដ្ឋធ្វើការតវ៉ានៅមុខសាលាដំបូងខេត្តបន្ទាយមានជ័យអ្នកយកព័ត៌មានបានធ្វើការទំនាក់ទំនងទៅលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារងនិងអ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យទូរស័ព្ទចូលតែលោកមិនបានទទួលទូរស័ព្ទបំភ្លឺបានឡើយដោយឡែកលោកឧកញ៉ា សំផាន់រិទ្ធ មិនអាចធ្វើការទំនាក់ទំនងបាន៕