សៀមរាប ៖ ស្ត្រីជាជនជាតិថៃម្នាក់រួមជាមួយថ្នាំញៀនជិត២គីឡូក្រាម ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន។ ប្រតិបត្តិការចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែននេះត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅព្រលានយន្តហោះអន្តរជាតិសៀមរាប។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងនគរបាលខេត្តសៀមរាបទទួលផែនបង្ក្រាបគ្រឿងញៀន បានឲ្យដឹងថាជនសង្ស័យឈ្មោះ NOYSIM ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិថៃ។
លោកស្នងការរងបន្តថាប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែននេះ ធ្វើឡើងដោយមានបញ្ជាផ្ទាល់ ពីឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ,លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងដោយចូលរួមមានសហការរបស់កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នគរបាលច្រកទ្វារអន្តរជាតិខេត្តសៀមរាប និងគយរដ្ឋាករ ច្រកទ្វារអន្តរជាតិខេត្តសៀមរាប មន្ទីរប្រឆាំងគ្រឿងញៀន សម្របសម្រួល ដោយព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប។
វត្ថុតាងដកហូតៈ ថ្នាំញៀន១,៦៩២ក្រាម។ ជនសង្ស័យរួមនឹងវត្ថុតាំងត្រូវបានកម្លាំងជំនាញបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ៕