កំពង់ស្ពឺ ៖ មុខសញ្ញាចែកចាយសារធាតុញៀនខុសច្បាប់៣នាក់ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួចឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៩និង៣៥នាទី នៅចំណុចលើថ្នល់រទេះភ្លើង ភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ហូ ធានី ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង មុខរបរមិនពិតប្រាកដ ទី២-ឈ្មោះ ជា សុភា ភេទស្រី អាយុ២៨ឆ្នាំមានទីលំនៅមិនពិតប្រាកដ ស្នាក់នៅលើផ្លូវរថភ្លើង ភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច។
ដកហូតបានវត្ថុតាងរួមមាន៖គ្រឿងញៀនចំនួន១៨កញ្ចប់ មធ្យម០២ តូច១៦កញ្ចប់, ដែកកេះហ្គាស០៦ដើម, ថង់សម្រាប់ច្រកគ្រឿងញៀន០២ដុំ, កន្ត្រៃដែក០២, ទុយោកែច្នៃសម្រាប់ច្រកគ្រឿងញៀន០៣, ទូរស័ព្ទដៃចាស់ៗ៤ គ្រឿង, លុយខ្មែរ ១៣ ០០០រៀល និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។
ក្រោយសមត្ថកិច្ចសាកសួរជនសង្ស័យទាំង២ខាងលើ ជនសង្ស័យ បានឆ្លើយសារភាពថាថ្នាំញៀនចំនួន ១៨ កញ្ចប់ ខ្លួនបាន ទិញ ពីឈ្មោះ ជឿង លីឃៀង ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច។ រហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៨ និង១០នាទី ដោយមានកិច្ចសហការពីកម្លាំងគ្រប់ជំនាញបានបន្តទៅធ្វើការឃាត់ជនសង្ស័យឈ្មោះ ជឿង លីឃឿង នៅ ក្នុងផ្ទះរបស់ខ្លួន ផ្សារត្រពាំងក្រឡឹង។
សូមបញ្ជាក់ថាឈ្មោះ ជឿង លីឃៀង មានដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ៩០/២០១៧ ចេញដោយលោក ស៊ឹង វុទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ពីបទរក្សាទុក ឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរយកចម្លើយនិងកសាងសុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕