កណ្តាល ៖ បុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៧និង១០នាទី នៅចំណុចភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ហេង បុត្រ ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិឃុំកើតហេតុ ប្រពន្ធឈ្មោះ ទូច ស្រីពៅ អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិឃុំកើតហេតុ។
សមត្ថកិច្ចបន្តថាកន្លងមកជនរងគ្រោះ តែងតែរករឿងឈ្លោះជាមួយប្រពន្ធ និងប្រចណ្ឌប្រពន្ធ ដោយចោទប្រពន្ធថាមានសាហាយ ហើយធ្លាប់លេបថ្នាំសម្លាប់ខ្លួន ០៣លើក មកហើយ តែបានប្រពន្ធជួយទាន់ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១៨ វេលាម៉ោង ២០និង១០នាទី ជនរងគ្រោះ ផឹកស្រាស្រវឹងហើយឡើងដេកនៅលើផ្ទះ តែម្នាក់ដោយបិតទ្វារ ទុកឲ្យប្រពន្ធដេកនៅបន្ទប់ក្រោមផ្ទះតែម្នាក់ឯង ដល់ម៉ោ២២និង១០ នាទី បើកទ្វារឲ្យប្រពន្ធឡើងដេកជាមួយ។ លុះដល់ម៉ោង៤និង១០នាទី ទាបភ្លឺឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០១៨ ឈ្មោះ ទូច ស្រីពៅ ជាប្រពន្ធ បានក្រោកពីដេកមកចិតបន្លែ ស្រាប់តែជនរងគ្រោះ បានហៅឲ្យឡើងទៅដេក វិញតែប្រពន្ធនិយាយថា មិនទៅដេកទេ ដល់ម៉ោងរៀបចំអីវ៉ាន់លក់ហើយ ពេលនោះជនរងគ្រោះ បានយកកាំបិតបុ័ងតោ មកដេញកាប់ប្រពន្ធ តែប្រពន្ធបានរត់គេច។
ដល់ម៉ោង៧និង១០នាទី ថ្ងៃដដែល ជនរងគ្រោះបានយកកាំបិតបុ័ងតោ កាប់ម្រាមដៃខ្លួនឯងឆ្វេងបណ្តាលឲ្យហូរឈាមហើយដើរឡើងទៅលើផ្ទះម្នាក់ឯង ដោយនិយាយឲ្យប្រពន្ធថា ជូនពរខ្លួនឯងឲ្យមានប្តីថ្មីល្អជាងខ្ញុំ ពេលទៅដល់លើផ្ទះបានយកក្រមាចង់កទៅនឹងធ្នឹមផ្ទះ ដោយយកទូរស័ព្ទថតជាវីដេអូទៀតផងបណ្តាលឲ្យស្លាប់ ដល់ម៉ោង ៨និង៣០ នាទី ប្រពន្ធជនរងគ្រោះ បានបើកទ្វារឃើញក៏
រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រះប្រសប់ បន្ទាប់មកកម្លាំងជំនាញស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារ ធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ សាកសពមានស្នាមជាំលើបំពង់កខាងមុខ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ។ ក្រោយពេលពិនិត្យរួច បានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃ៕