បន្ទាយមានជ័យ ៖ ព្រះគ្រូទេវសត្ថាបណ្ឌិត ពឿយ មេត្តា បានប្រគេនដីកេរ្តិ៍ដូនតាហើយរួមជាមួយសប្បុរសជនបានកសាងអគារសិក្សា១ខ្នង ៦បន្ទប់ ថ្មប្រក់ក្បឿងត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នៅភូមិឫស្សីកណ្តាល ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាព្រះគ្រូទេវសត្ថាបណ្ឌិត ពឿយ មេត្ថា ព្រះរាជាគណៈថ្នាក់កិត្តិយសនិងជាទីប្រឹក្សាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ពេទ វង្ស ទទួលបន្ទុកការងារព្រះពុទ្ធសាសនាអន្តរជាតិបានមានសង្ឃដិកាថា ថ្ងៃនេះត្រូវបានសម្ពោធដាក់អោយប្រើប្រាស់អគារសិក្សា១ខ្នង ៦បន្ទប់ កសាងថ្មប្រក់ក្បឿងនៅសាលាបឋមសិក្សាឫស្សីកណ្តាល ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ។
ព្រះគ្រូទេវសត្ថាបណ្ឌិតមានសង្ឃដិកាបន្តថា ដីដែលកសាងអគារសិក្សានេះគឺជាដីកេរ្តិ៍ដូនតានិងឪពុកម្តាយរបស់ព្រះអង្គបានប្រគេនដីដែលមានបណ្តោយ៦០ម៉ែត្រ និងទទឹង៥០ម៉ែត្រដែលជួយឧបត្ថម្ភពីលោកជំទាវឧញ៉ា ម៉ៅ ម៉ាល័យ ប្រធានកិត្តិយសសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យលោកជំទាវឧញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុន ហេង ហេង អភិវឌ្ឍន៍ រួមជាមួយសប្បុរសជនបានកសាងអគារសិក្សា១ខ្នង ៦បន្ទប់ថ្មប្រក់ក្បឿងចំណាយថវិកាអស់ចំនួន៧១,៦០៧ដុល្លារ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ ថ្លែងអំណរគុណចំពោះព្រះគ្រូទេវសត្ថាបណ្ឌិត ពឿយ មេត្ថា ដែលបានរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាជួយលើវិស័យអប់រំបានជួយដីហើយឧបត្ថម្ភថវិការកៀងគរថវិកាសប្បុរសជនកសាងអគារសិក្សា១ខ្នង ៦បន្ទប់ កសាងថ្មប្រក់ក្បឿងនិងបំពាក់សម្ភារៈសិក្សា។
លោកជំទាវឧញ៉ាបណ្ឌិត សៀង ចាន់ហេង បានមានប្រសាសន៍ផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ក្រោយពេលសម្ពោធដាក់ប្រើប្រាស់អគារសិក្សា១ខ្នង ៦បន្ទប់ ដែលមានឧបត្ថម្ភលោកជំទាវឧញ៉ា ម៉ៅ ម៉ាល័យ ប្រធានកិត្តិយសសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យនិងផ្តួចផ្តើមកសាងដោយព្រះគ្រូទេវសត្ថាបណ្ឌិត ពឿយ មេត្ថា បានកសាងរួចរាល់ហើយត្រូវបានដាក់សម្ពោធអោយប្រើប្រាស់ត្រូវចូលរួមថែរក្សាអោយបានគង់វង់និងយូរអង្វែងសម្រាប់កូនចៅបានសិក្សា៕