បាត់ដំបង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅលើទ្រូងថ្នល់ ខណៈដែលជនរងគ្រោះរូបនេះកំពុងជិះម៉ូតូក្នុងពេលយប់ ក៏ពើបប្រទះជាមួយនឹងរថយន្តធុនធ្ងន់ ដែលឈប់សំចតនៅលើទ្រូងថ្នល់ដោយមិនបានដាក់សញ្ញាអ្វីមួយជាសម្គាល់ ទើបធ្វើអោយម៉ូតូនោះបុកចំពីក្រោយតែម្តង ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៧ និង ១០ នាទី យប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិពុកឆ្មា ឃុំអន្លង់វិលស្រុកសង្កែ ខេត្តបាត់ដំបង រវាងរថយន្តធុនធ្ងន់ និងម៉ូតូ ដែលធ្វើដំណើរក្នុងទិសដៅស្របទិសគ្នា ពីកើតទៅលិច ។
ប្រភពដែលនៅក្បែទីតាំងកើតហេតុបាននិយាយថា ដំបូងគឺមានម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1C-4839 បើកបរដោយ ឈ្មោះ ស៊ឹម ស៊ត ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពដដែលបានបន្តថា លុះទៅដល់ត្រង់ចំណុចកើតហេតុក៏បានបុកនឹងគូទរថយន្តពីក្រោយ ដែលរថយន្តនោះម៉ាកកាមាស់ ពណ៌លឿង ពាក់ស្លាក លេខ ក.3725 ភព3 ដែលមានដឹកអេស្កាពីលើផង បណ្តាលអោយអ្នកបើកបរម៉ូតូ ស្លាប់ភ្លាមនៅនឹងកន្លែងចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោលទាំងយប់។
ប្រភពច្បាស់ការមួយបានបង្ហើបថា រថយន្តនេះជារបស់ម្ចាស់រោងម៉ាស៊ីនកិនស្រូវមួយកន្លែងក្បែវត្តកំណប់ រីឯអ្នកបើកបរដែលរត់គេចខ្លួននោះគឺរស់នៅភូមិទួលល្វៀង ឃុំអូរដំបង២ដែលគេឃើញពេលរត់ទៅដល់ផ្ទះមានកាន់ដបស្រាទៅជាមួយផង ដោយឡែករថយន្តនោះគឺខូចដោយគេបានឈប់សំចតនៅលើទ្រូងថ្នល់ហើយមិនបានដាក់សញ្ញាអ្វីដើម្បីសម្គាល់នោះឡើយ ទើបបង្កអោយមានគ្រោះថ្នាក់ដល់ជីវិតមនុស្សបែបនេះ បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យហើយ ដិយឡែករថយន្ត និងម៉ូតូក៏ត្រូវបាននាំយកទៅរក្សាទុកនៅអធិការដ្ឋានហើយដែរ ៕