សៀមរាប ៖ លោក នួន ពុទ្ធារ៉ា នាយករដ្ឋបាលខេត្ដសៀមរាប បានមានប្រសាសន៍ថា បច្ចុប្បន្ននេះអាជ្ញាធរខេត្ដសៀមរាប កំពុងតម្លើងភ្លើងស្ដុបបន្ថែមចំនួន៥កន្លែងទៀត គឺទី១.ស្ថិតនៅផ្លូវជាតិលេខ៦ កែងផ្លូវក្រវ៉ាត់ក្រុង, ទី២.ផ្លូវជាតិលេខ៦កែងផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម, ទី៣.នៅផ្លូវកែងមុខមន្ទីរពេទ្យកុមារគន្ធបុប្ផា, ទី៤. នៅផ្លូវជាតិលេខ៦ កែងផ្លូវលោកតានឿយ និងទី៥.ផ្លូវរង្វង់មូលទៅព្រលានយន្ដហោះអន្ដរជាតិសៀមរាប ហើយបង្គោលភ្លើងស្ដុបទាំង៥នេះ ជាគម្រោងថវិកាសាលាខេត្ដសៀមរាបសម្រាប់ឆ្នាំ២០១៨ ដោយគ្រោងបញ្ចប់ក្នុងរយៈពេល៥ថ្ងៃ និងគ្រោងដាក់បន្ថែមទៀត ដោយមានការជួយឧបត្ថម្ភពីប្រទេសជប៉ុន។
លោក នួន ពុទ្ធារ៉ា បានបញ្ជាក់ទៀតថា ការតម្លើងបង្គោលភ្លើងស្ដុបថ្មីៗនេះ ធ្វើឲ្យប្រជាពលរដ្ឋនិងភ្ញៀវទេសចរ មានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ ជាពិសេសជួយសម្រួលចរាចរណ៍នៅក្នុងពិធីបុណ្យជាតិផ្សេងៗ ជាពិធីបុណ្យអង្គរសង្ក្រាន្ដ ឆ្នាំ២០១៨ ដែលប្រព្រឹតទៅនាពេលឆាប់ៗខាមុខនេះ ដូច្នេះសូមអំពាវនាវដល់ពលរដ្ឋជឿជាក់ និងចូលរួមអភិវឌ្ឍជាមួយអាជ្ញាធរខេត្ដ ដើម្បីធ្វើឲ្យខេត្តសៀមរាបកាន់តែមានភាពទាក់ទាញពីបណ្ដាប្រទេសនៅលើពិភពលោក៕