កណ្ដាល ៖ លោកយាយម្នាក់រវល់តែដងទឹកស្រោចដំណាំខាងមុខផ្ទះ ធ្វេសប្រហែសមួយភ្លែត ត្រឡប់មកវិញស្រាប់តែប្រទះឃើញចៅរបស់ខ្លួនលង់ទឹកអាងក្នុងបន្ទប់ទឹកស្លាប់យ៉ាងសង្វេគ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិជ័យតូច ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ដ្រីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា កុមារារងគ្រោះឈ្មើ តឿន ហុងម៉ី ភេទប្រុស អាយុ១ឆ្នាំ២ខែ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ។ ឪពុកឈ្មោះ ឌឿ តឿន អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ និងម្តាយឈ្មោះ លន សេងហាច អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនីរោងចក្រ ។
ប្រភពដដែលបន្ដថា កន្លងមកកុមាររងគ្រោះត្រូវបានឪពុកម្ដាយផ្ញើឲ្យជីដូនឈ្មោះ សែម រឿង ជាអ្នកមើលថែ ព្រោះជាប់រវល់ទៅធ្វើការរោងចក្រ។ លុះមកដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ១៧ ឈ្មោះ សែម រឿន ដែលជាជីដូនកុមាររងគ្រោះបានដងទឹកពាងស្រោចដំណាំមុខផ្ទះ ដោយទុកកុមាររងគ្រោះអង្គុយលេងម្នាក់ឯងនៅក្រោមផ្ទះ។ រហូតដល់ម៉ោង ១៧និង៣០នាទី ឈ្មោះ សែម រឿន ស្រោចដំណាំរួចហើយបាត់កុមាររងគ្រោះរកមិនឃើញ ក៏បានទៅមើលនៅក្នុងបន្ទប់ទឹកខាងក្រោយផ្ទះ ស្រាប់តែឃើញកុមាររងគ្រោះលង់ទឹកក្នុងអាងទំហំ ០,៤០ម៉ែត្រគុណ០,៨០ម៉ែត្រ ក្នុងជម្រៅ ០,៥០ម៉ែត្រ មានសភាពដេកផ្កាប់មុខ ឃើញដូចនោះឈ្មោះ សែម រឿន លើកកុមាររងគ្រោះមកក្រៅ រួចធ្វើចលនាសង្គ្រោះបឋម តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចក៏បានចុះទៅធ្វើការពិនិត្យសាកសពកុមាររងគ្រោះ រួចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕