កណ្ដាល ៖ ស្នងការនគរបាលខេត្តកណ្តាលបានថ្លែងថា ក្នុងនាមយើងជានគរបាលត្រូវតែបែងចែកអោយដាច់រវាងមនោសញ្ចេតនា និងច្បាប់ ហើយត្រូវតែស្មោះត្រង់ការពាររដ្ឋាភិបាលស្របច្បាប់ងស្វែងរកសុខជូនប្រជាពលរដ្ឋក្នុងនាមយើងជាអ្នកបម្រើ។ ការលើកឡើងរបស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ធ្វើឡើង ក្នុងគ្រាហ៍ដែលលោកអញ្ជើញធ្វើបឋកថា ចែករំលែកបទពិសោធន៍និងចំណេះដឹងទៅកាន់សិក្ខាកាមចំនួន១៦០រូប ដែលមកពីតាមបណ្ដាខេត្ដចំនួន៥ ក្នុងនោះខេត្ដកណ្ដាលមានចំនួនសរុប៦០រូប ដែលទទួលការបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម នាព្រឹកថ្ងៃពុធ ៤រោជ ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ។
លោកឧត្តសេនីយទោអ៊ាវ ចំរើន បានថ្លែងថា លោកអញ្ជើញធ្វើបឋកថានៅព្រឹកនេះក្នុងគោលបំណងចែករំលែកពុទ្ធិ និងបទពិសោធន៍ការងារ ក្រោមប្រធានបទ “តួនាទី ភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ”។ លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាលបានថ្លែងបញ្ជាក់យ៉ាងមុតមាំជំរុញសិក្ខាកាម ត្រូវធ្វើជាអ្នកបម្រើនិងស្វែងរកសុខជូនប្រជាពលរដ្ឋត្រូវដាក់ចិត្តដាក់កាយបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយឥតលក្ខ័ណ។ ពាក្យថានគរបាល គឺជាអ្នកថែរក្សានគរ(ប្រទេស) ត្រូវការពារ រាជរដ្ឋាភិបាល ជាតិ សាសនា ព្រះមហាក្សត្រ។
លោកបានបន្ដទៀតថា ក្រៅពីរបបការងារដែល មានចែងក្នុងលក្ខន្តិកដោយឡែករបស់មន្ត្រីនគរបាលជាតិ នគរបាលបាននិងកំពុងអនុវត្តនូវសេវាកម្មផ្សេងៗទៀតជូនប្រជាពលរដ្ឋដូចជា ជួយសម្រួលក្នុងការធ្វើ និងចែកជូនអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ។ល។ លើសពីនេះ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបន្ថែមទៀតថា ដើម្បីធ្វើឲ្យសមិទ្ធផលនីត្យានុកូលទាំងនេះកើតឡើងបានដរាបណាមន្ត្រីនគរបាលទាំងអស់ ត្រូវ ប្រកាន់យកឥរិយាបទ ក្រមសីលធម៌ ពិសេសត្រូវមានគុណធម៌។ លោកថាត្រូវតែមានប្រកាន់ខ្ចាប់នូវវិន័យរបស់កងកម្លាំងនគរបាលជាតិ ឲ្យបានខ្ចាប់ខ្ជួនដូចជា មិនត្រូវយកពេលវេលារដ្ឋបាលរបស់អង្គភាពទៅធ្វើជំនួញ ការងារប្រយោជន៍ផ្ទាល់ខ្លួន ។ មិនត្រូវយកទួនាទី បុណ្យស័ក្តិ ទៅសំឡុតគំរាមកំហែងប្រជាពលរដ្ឋ ដើម្បីចាប់យកផលប្រយោជន៍ រឺប្រើសំដីធំតូចទៅកាន់ប្រជាពលរដ្ឋនៅគ្រប់កាលទេសៈឡើយ។ បឋកថាដដែលនេះ លោកបានសង្កត់ធ្ងន់ថា ការកសាងពុទ្ធិទោះបីជារយៈពេលខ្លីក្តី វែងក្តីគឺជាការចាំបាច់សម្រាប់មន្ត្រីនគរបាលគ្រប់ជំនាន់ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃអំពើល្មើសចេះតែវិវឌ្ឍប្លែកៗ ជនសង្គមងងឹតតែងតែរិះរកគ្រប់មធ្យោបាយប្រព្រឹត្តបទល្មើស ។
ពីធីនេះដែរក៏មានចូលរួមពីលោកឧត្តមសេនីយ៍ត្រី អ៊ុក សារ៉ាយ នាយកសាលានគរបាលជាតិភូមិភាគ២, លោកស្នងការរងខេត្ដ ,លោកនាយការិយាល័យបុគ្គលិកខេត្ត និងលោកអធិការនគរបាលស្រុកស្អាង ,កោះធំ ,មុខកំពូល និងក្រុងតាខ្មៅ ព្រមទាំងប្រគល់នូវថវិកាផ្ទាល់របស់ឯកឧត្តម ចំនួន៤លានរៀលនិងស្រាបៀរ៤០កេសជូនលោកនាយកសាលាភូមិភាគ២ ផងដែរ ៕