ភ្នំពេញ ៖ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៥និង១០នាទី កម្លាំងប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរសព្ទ័ដៃ) នៅចំណុចមុខក្រុមហ៊ុនប្រូឌែនស ផ្លូវសហព័ន្ធរុស្សី ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យចំនួន០៤នាក់ (ឃាត់ខ្លួន០១នាក់) ស្លៀកពាក់ស៊ីវិល មធ្យោបាយម៉ូតូចំនួន០២គ្រឿង។
លោកអធិការខណ្ឌបានឲ្យដឹងថាជនសង្ស័យឈ្មោះ មួន បញ្ញាសាក់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១បេ ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ជនរងគ្រោះឈ្មោះ ទូច សុម៉ាលី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
សម្ភារៈបន្សល់ទុក ៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកសេ១២៥ ពណ៍ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CE-3779 (របស់ជនសង្ស័យ) និងទូរសព្ទ័ដៃចំនួន០១គ្រឿង ម៉ាកអាយហ្វូនស៊ិចផ្លឺស (ប្រគល់ឲ្យជនរងគ្រោះវិញ) ។
លោកអធិការបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភ័ក្ត្រ បានជិះម៉ូតូកង់បី ចេញពីផ្សារអូរឬស្សី ក្នុងគោលបំណងធ្វើដំណើរទៅផ្ទះនៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ពេលជនរងគ្រោះធ្វើដំណើរជិះម៉ូតូកង់បីមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ០១ក្រុម មានគ្នាចំនួន០៤នាក់ ជិះម៉ូតូ០២គ្រឿង មកជិះម៉ូតូកង់បីដែលជនរងគ្រោះកំពុងជិះ រួចជនសង្ស័យបានធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីជនរងគ្រោះកំពុងកាន់នៅនឹងដៃ តែត្រូវជនរងគ្រោះទាញដណ្តើមបានទូរសព្ទ័មកវិញ រួចបណ្តាឲ្យជនសង្ស័យដួលម៉ូតូ ហើយត្រូវបានជនរងគ្រោះ និងម្ចាស់ម៉ូតូកង់បីចាប់ជនសង្ស័យបានចំនួន០១នាក់ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទឹកថ្លាធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។ ចំណែកបក្ខពួកជនសង្ស័យបីនាក់ទៀត ឈ្មោះដំ , ឈ្មោះត្រា និងឈ្មោះតុលា បានគេចខ្លួនក្រោយកើតហេតុ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕