ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ បានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីរំលោភលើសេចក្តីទុកចិត្ត។ ហេតុការណ៍ចាប់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើបានធ្វើឡើងកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ សៅ ផល្លា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកផ្នែកឥណទានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសហគ្រិនភាព ទីលំនៅផ្ទះជួល ផ្លូវលេខ៣៩បេតេ ភូមិសន្សំកុសល២ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទរំលោភលើទំនុកចិត្ត (យកលុយចំនួន ៧៨,៣៩៦,៦០០រៀល) កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១០ព្រឹក នៅចំណុចគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសហគ្រិនភាព ផ្លូវលេខ២៧១ ក្រុមទី១ ភូមិ សន្សំកុសល៣ សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទី២-ឈ្មោះ ឆន មៅ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកផ្នែកឥណទានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសហគ្រិនភាព ទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទរំលោភលើទំនុកចិត្ត (យកលុយចំនួន ៣,៧៥០,០០០រៀល) កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០១៨ វេលាម៉ោង១០ព្រឹក នៅចំណុចគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសហគ្រិនភាព ផ្លូវលេខ២៧១ ក្រុមទី១ ភូមិសន្សំកុសល៣ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះ ខេន រតនា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសហគ្រិនភាព ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ (តំណាងឲ្យម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសហគ្រិនភាព)។ បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕