ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ លោកឯកឧត្តមទោ ជួន ណា រិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ បានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រី សាន់ ប៊ុនថនស្នងការរង ទៅសួរសុខទុក្ខ សិក្ខាកាមនគរបាលខេត្តព្រះសីហនុ ដែលកំពុងបំពេញការសិក្សា នៅសាលាភូមិភាគ៣ ខេត្តកំពង់ស្ពឺ ព្រមទាំងនាំយក គ្រឿងបរិភោគ និង ថវិកាមួយចំនួនទៅ ជួយឧបត្ថម្ភ ដល់សាលាផងដែរ។
របាយការណ៍ស្វាគមន៍របស់លោកឧត្តមសេនីយ៍ត្រី វៀតសុភាព នាយកសាលាភូមិភាគ៣ បានឲ្យដឹងថាវគ្គបណ្តុះបណ្តាលកំរិតបឋមនេះ ជាវគ្គទី១២ ធ្វើការសិក្សាមុខជំនាញទូទៅ រយៈពេល៣ខែ ដោយមានកម្មសិក្សាការីចូលរួមរៀនសូត្រចំនួន១៧៨នាក់ ស្រី ៣៧ នាក់មកពីរាជធានី.ខេត្តចំនួន៣ មាន ខេត្តកំពត ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី សាន់ ប៊ុនថន ស្នងការរង បានធ្វើបាឋកថា ផ្តល់នូវបទពិសោធន៍ មួយចំនួន អំពីបញ្ហាគ្រឿងញៀន ដែលកំពុងប្រឈមគ្រោះថ្នាក់ដល់ស្រទាប់យុវវ័យ ដែលជាកម្លាំងចលករដ៏សំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។ ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នា ឲ្យសកម្ម ដើម្បីលប់បំបាត់ បញ្ហាគ្រឿងញៀន នេះ។ ម្យ៉ាងទៀតបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក៏ជាក្តីកង្វល់របស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទៅផងដែរ ដែលបានឆក់យកអាយុជីវិតមនុស្សស្ទើររាល់ថ្ងៃ បន្សល់ទុកនូវក្មេងកំព្រាស្ត្រីមេម៉ាយ និង បន្ទុជ បង្អាក់ ការរីកចម្រើនសេដ្ឋកិច្ច ជាតិ។
ក្នុងឱកាសនោះផងដែរលោក សាន់ ប៊ុនថន តំណាងឲ្យ ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ បាននាំយកគ្រឿងបរិភោគមួយចំនួន ទៅឧបត្ថម្ភដល់សាលា រួមមាន៖ ភេសជ្ជៈ មី ត្រីខ ប្រេងឆា ទឹកត្រី ទឹកស៊ីអ៊ីវ ស្រាបៀរនិង ថវិកាមួយចំនួន ជួយឧបត្ថម្ភ ដល់សាលា ដើម្បីរៀបចំកម្មវិធីជប់លៀងអបអរសាទរបុណ្យចូលឆ្នាំថ្មី និងពិធីបិទវគ្គផងដែរ៕