ពោធិ៍សាត់ ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងនិង១០នាក់ទៀតរងរបួសធ្ងន់ស្រាលដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាកសាំយ៉ុងពណ៌ទឹកប៊ិចចាស់ពាក់ស្លាកលេខភ្នំពេញ1AS-0380ក្រឡាប់ធ្លាក់វាលស្រែ ករណីនេះកើតឡើងនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៨-១៣៩ ស្ថិតក្នុងភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុរថយន្តម៉ាកខាងលើបានធ្វើចរាចរណ៍តាមបណ្តាយផ្លូវជាតិលេខ៥ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុរថយន្តបានផ្ទុះកង់ក្រោយផ្នែកខាងឆ្វេងរេចង្កូតក្រឡាប់ធ្លាក់ចូលទៅក្នុងវាលស្រែខាងស្តាំបណ្តាលឱ្យស្លាប់មនុស្សម្នាក់និងរបួសធ្ងន់ស្រាល១០នាក់ខូចរថយន្ត ១គ្រឿងនិងខូចម៉ូតូចងជាប់និងរថយន្ត១គ្រឿង។
លោកវរសេនីយ៍ទោ ឯម រុន អធិការនគរបាលស្រុក្រគរបានឱ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់អត្តសញ្ញាណទី១-ឈ្មោះ យ៉ន សុវេត ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅខេត្តកំពង់ចាម(ស្លាប់), ទី២-ឈ្មោះ ពៅ អូន ភេទប្រុស អាយុ៣៩ឆ្នាំរស់នៅភូមិអូរឈើក្រម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(របួសធ្ងន់), ទី៣-ឈ្មោះ លី សុខា ភេទស្រី អាយុ២៩ឆ្នាំរស់នៅខេត្តកំពង់ចាម របួសធ្ងន់ ទី៤ឈ្មោះម៉ុក ឌុន អាយុ៤៤ឆ្នាំ ភេទស្រី រស់នៅខេត្តសៀមរាប (របួសធ្ងន់), ទី៥-ឈ្មោះ យាយ ម៉ាច ភេទស្រី អាយុ៦៧ឆ្នាំ (របួសធ្ងន់) និងរងគ្រោះ៦នាក់ទៀតសមត្ថកិច្ចមិនស្គាល់អត្តសញ្ញាណ។
លោក ឯម រុន បានបន្តថា ក្រោយពេលកើតហេតុ អ្នកបើករត់គេចខ្លួនបាត់ ចំពោះសាកសពប្រគល់ជូនក្រុមគ្រួសារនិងរងរបួសបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់និងមួយចំនួនបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញបន្ត រីឯវត្ថុតាងសមត្ថកិច្ចបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕