សៀមរាប ៖ រថយន្តក្រុដឹកអ្នកដំណើរ ក្រុមហ៊ុន ស៊ុនអូខុង ពាក់ស្លាកលេខភ្នំពេញ 3D-5280 បានបើកធ្លាក់ពីលើស្ពានបណ្តាលឲ្យមនុស្សចំនួន៣នាក់ បានស្លាប់ភ្លាមៗ របួសធ្ងន់៧នាក់ និងជាច្រើននាក់ទៀតបានរងរបួសស្រាល។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងធ្លាក់ពីលើស្ពាននេះ កើតមានឡើង នៅវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ស្ថិតលើផ្លូវជាតិលេខ៦ ត្រង់ចំណុច ស្ពានថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ប្រាប់ឲ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្ករដោយខ្លួនឯងសង្ស័យមកពីតៃ កុងរថយន្តងងុយដេក។ លោកស្នងការបន្តថា ជនរងគ្រោះក្នុងហេតុការណ៍នេះមានចំនួន៣នាក់បានស្លាប់ របួសធ្ងន់៧នាក់ ក្រៅពីនោះគ្រាន់តែរបួសស្រាលៗប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បញ្ជាក់ថា រថយន្តក្រុងដែលជួបគ្រោះថ្នាក់ចរាចរណ៍របស់ក្រុមហ៊ុន ស៊ុនអ៊ូខុង ដឹកអ្នកដំណើរចេញរាជធានីភ្នំពេញទៅក្រុងសំរោង ខេត្តឧត្តមានជ័យ លុះមកដល់ចំណុចខាងលើបានធ្លាក់ពីលើស្ពានតែម្តង។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ និងអ្នករបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។ ចំណែកវត្ថុតាងសមត្ថកិច្ចជំនាញរៀបស្ទួចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តដើម្បីរៀបចំកសាងសំណុំរឿងតាមនិតិវិធី៕