កណ្ដាល ៖ នគរបាលស្រុកមុខកំពូលធ្វើការបង្ក្រាចាប់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនសកម្ម៤នាក់ បន្ទាប់ពីក្រុមជនសង្ស័យខាងលើបានធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ករណីចាប់ខ្លួនខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១១និង៥០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចមុខវត្តស្វាយជ្រំ ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ដ្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមាន៤នាក់ ទី១-ឈ្មោះ សេក ប៉ូ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ទី២-ឈ្មោះ រ៉ែម ផល្លី ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទី៣-ឈ្មោះ ផាត សុផា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់។ ជនសង្ស័យទាំង៣នាក់ខាងលើមានទីលំនៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុខ្សាច់កណ្តាល ខេត្តកណ្តាល និងទី៤-ឈ្មោះ ស៊ិន សុផាន់ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិលើ ឃុំស្វាយជ្រំ ស្រុខ្សាច់កណ្តាល ខេត្តកណ្តាល។
ដោយឡែកវត្ថុតាងដកហូតបានមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាកទឹកកកចំនួន៤កញ្ចប់ (១កញ្ចប់មធ្យមនិង៣កញ្ចប់តូច) ,ទូរស័ព្ទដៃចំនួន១គ្រឿង ,កូនកន្ត្រៃដែកចំនួន១ ,ដែកកេះចំនួន១ និងម៉ូតូចំនួន២គ្រឿង ផងដែរ ។
ប្រភពដដែលបន្ដថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងភូមិសាស្ដ្រឃុំស្វាយជ្រំ ដែលសមត្ថកិច្ចបានកំណត់តាមដាមដានជាយូរមកហើយ ។ លុះមកដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ បានធ្វើការចុះល្បាតក្នុងភូមិសាស្ត្រដែលងាយរងគ្រោះនិងជាដែនសមត្ថកិច្ចរបស់ខ្លួនផងនោះ ខណៈមកដល់ចំណុចកើតហេតុ ក៏ឃើញជនសង្ស័យឈ្មោះ សេក ប៉ូ និងឈ្មោះ ស៊ិន សុផាន់ កំពុងជិះម៉ូតូ ដោយមានការសង្ស័យ ភ្លាមនោះសមត្ថកិច្ចនគរបាលបានហៅឲ្យឈប់ រួចសុំធ្វើការឆែកឆេររហូតបានរកឃើញថ្នាំញៀនចំនួន៣កញ្ចប់ នៅក្នុងខ្លួនជនសង្ស័យឈ្មោះ សេក ប៉ូ ឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់យកមកប៉ុស្ដិ៍ស្វាយជ្រំដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនទើបតែលក់ថ្នាំញៀនឲ្យ មនុស្សប្រុស២នាក់ ក្នុង១កញ្ចប់តូចតម្លៃ ៤ម៉ឺនរៀល នៅក្នុងវត្តស្វាយជ្រំ ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏បានបន្ដទៅធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ទៀត និងដកហូតថ្នាំញៀន ១កញ្ចប់តូចបន្ថែមទៀត រួចកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕