កណ្ដាល ៖ នគរបាលស្រុកស្អាងធ្វើការចាប់ខ្លួនជនសង្ស័យម្នាក់ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ បន្ទាប់ពីជនសង្ស័យខាងលើបានធ្វើសកម្មភាពឡើងទៅលើផ្ទះ រួចចូលក្នុងបន្ទប់ដើម្បីចាប់រំលោភ តែពុំបានសម្រេចនោះទេ ។ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២៣និង១៥នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ ធួន សារ៉ាយ ហៅម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ បច្ចុប្បន្នស្នាក់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកឯនារីរងគ្រោះឈ្មោះ ហ ហ ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
លោកអធិការបានបន្ដថា នៅវេលាម៉ោង២៣និង១៥នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ ធួន សារ៉ាយ បានលបលួចទ្បើងទៅផ្ទះរបស់ជនរងគ្រោះ រួចបានបើកទ្វារចូលទៅក្នុងបន្ទប់បើកមុង ហើយធ្វើសកម្មភាពដោយចាប់ច្រចាច់.កនិងខ្ទប់មាត់ រួចថើបទៅលើនារីរងគ្រោះ ខណៈនោះនារីរងគ្រោះបានរើបម្រាស់ និងខាំដៃជនសង្ស័យ ហើយក៏បានស្រែកឆោឡោរដើម្បីឲ្យឪពុកម្ដាយជួយ ភ្លាមនោះឪពុកម្តាយនារីរងគ្រោះបានឮសម្លេងកូនស្រីរបស់ខ្លួនស្រែកបែបនោះ ក៏ចូលទៅក្នុងបន្ទប់កូនស្រី ហើយក៏ឃើញជនសង្ស័យឈ្មោះ ធួន សារ៉ាយ នៅក្នុងម៉ុងរបស់កូន ភ្លាមនោះក៏ទូរស័ព្ទទៅសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកគយ ដើម្បីចាប់ខ្លួនជនសង្ស័យចាត់ការតាមច្បាប់ ។
ក្រោយពីសមត្ថកិច្ចបានទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចក៏បានធ្វើការចាប់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕