ពោធិ៍សាត់ ៖ មនុស្ស៦នាក់រងរបួសធ្ងន់ស្រាលដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តម៉ាកសាំយ៉ុងបើកនៅលើផ្លូវជាតិលេខ៥ បានគេចរថយន្តមិនស្គាល់ម៉ាកដែលបើកបញ្ច្រាសទិសគ្នាបណ្តាលឲ្យរេចង្កូតធ្លាក់វាលស្រែក្រឡាប់ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៩និង១៦០ ស្ថិតនៅភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ឧបទ្ទវហេតុនេះកើតឡើងនៅវេលាម៉ោង៣និង៥៥ នាទីទាបភ្លឺ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តសាំយ៉ុងពណ៌លឿង ពាក់ស្លាកលេខ បាត់ដំបង 2B-4072 បើកបរពីកើតទៅលិចលុះដល់ចំណុចកើតហេតុខាងលើបានគេចជាមួយរថយន្តមិនស្គាល់ម៉ាកបើកបរក្នុងទិសដៅបញ្ច្រាសគ្នាបណ្តាលឲ្យរេចង្កូតធ្លាក់ផ្លូវចូលទៅក្នុងវាលស្រែខាងស្តាំដៃ បណ្តាលឲ្យរងរបួសមនុស្សធ្ងន់ស្រាលចំនួន៦នាក់ស្រី៥នាក់។ ភ្លាមៗនោះរថយន្តមិនស្គាល់ម៉ាកបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោលទៅ។
លោកវរសេនីយ៍ទោ ឯម រុន អធិការនគរបាលស្រុកក្រគរបានប្រាប់ឲ្យដឹងថាជនរងគ្រោះត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណទី១-ឈ្មោះ មួង ភូ អាយុ ៤០ឆ្នាំ ភេទស្រី ជនជាតិខ្មែរ នៅភូមិ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពតរងរបួសធ្ងន់ ទី២-ឈ្មោះ ភី ណា អាយុ ២៦ឆ្នាំ ភេទស្រី ជនជាតិខ្មែរ នៅភូមិថ្មី ឃុំអូដា ស្រុកគំរៀង ខេត្តបាត់ដំបង របួសស្រាល ទី៣-ឈ្មោះ ស៊ុន មុំ អាយុ ២៤ឆ្នាំ ភេទស្រី ជនជាតិខ្មែរ នៅភូមិអូតាសេក ឃុំតាគាវ ស្រុកទ្រាំង ខេត្តតាកែវ រងរបួសស្រាល ទី៤-ឈ្មោះ ស៊ុន ណើ អាយុ ២១ឆ្នាំ ភេទស្រី ជនជាតិខ្មែរ នៅភូមិអូតាសេក ឃុំអូតាគាវ ស្រុកទ្រាំង ខេត្តតាកែវរបួសស្រាល ទី៥-ឈ្មោះ រស់ ស្រីមុំ អាយុ ៣៤ឆ្នាំ ភេទស្រី ជនជាតិខ្មែរ នៅភូមិទល់ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពតរបួសធ្ងន់ នឹងទី៦-ឈ្មោះ ជួប ធឿន អាយុ ៣៦ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ នៅភូមិទល់ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត របួសស្រាល។
លោកអធិការបានបន្តថា អ្នករបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកក្រគរបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ រីឯអ្នករបួសស្រាលបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកក្រគរ។ ចំពោះ រថយន្តត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននរគរបាលស្រុកដើម្បីកសាងសំណុំរឿងទៅតាមនីតីវិធី៕