សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី​ ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៦​ខ្នង​ និង​ស្លាប់​មនុស្ស​ម្នាក់​

30-April-2018 | ដោយ ពលមនសិការ

បាត់ដំបង​ ៖​ លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ចំនួន​៦​ខ្នង​ ដែល​បាន​សង់​ឡើង​លក្ខណៈ​ជា​ផ្ទះល្វែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​គ្មាន​សល់​ ព្រមទាំង​បាន​សម្លាប់​មនុស្ស​ចាស់ជរា​ម្នាក់​ផង​ខណៈ​ដែល​ប្រជាពលរដ្ឋ​ទាំងនោះ​កំពុង​សម្រាក​យ៉ាង​លង់លក់​នៅ​ក្នុង​ដំណេក​យ៉ាង​សុខ​ស្រួល​ទៅ​ហើយ​នោះ​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​ នាទី​យប់​ ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ក្រុម​ទី​២៧​ ភូមិ​១៣​មក​រា​ សង្កាត់​ព្រែក​ព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ដោយ​មាន​អគ្គិភ័យ​ មួយ​បាន​កើតឡើង​ទៅ​លើ​ផ្ទះល្វែង​ដែល​សង់​ជាប់ៗ​គ្នា​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ចំនួន​ ៦​ ខ្នង​ ទាំងស្រុង​តែ​ម្តង​។​

​បើ​តាម​ប្រភព​ដែល​នៅ​ទីនោះ​បាន​លើក​ឡើង​ថា​ នៅ​ក្នុង​ពេល​ដែល​ពួក​គាត់​កំពុង​សម្រាក​ទៅ​ហើយ​នោះ​ក៏​ស្រាប់តែ​មាន​សម្លេង​នៃ​ការ​ឆាបឆេះ​របស់​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង​ ទើប​ធ្វើ​អោយ​មានការ​ភ្ញា​ល់​ផ្អើល​ ដោយ​ម្នាក់ៗ​គ្មាន​បាន​យក​អ្វី​ចេញពីផ្ទះ​អោយ​បាន​ច្រើន​នោះ​ទេ​ ដោយសារ​តែ​ភាព​ស្លន់ស្លោ​។​

​ខណៈ​ដែល​អណ្តាតភ្លើង​ឡើង​ពេញក្រមុំ​នោះ​ ទើប​កម្លាំង​បង្ការ​ ពន្លត់​អគ្គិភ័យ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ចេញ​ជួយ​អន្តរាគមន៍​ដើម្បី​ជួយ​បាញ់​ទប់ស្កាត់​នូវ​ការ​រាលដាល​ទៅ​លើ​ផ្ទះ​ដទៃ​ទៀត​ ព្រោះ​ផ្ទះ​នៅ​ក្នុង​តំបន់​នេះ​មាន​លក្ខណៈ​ជា​ផ្ទះល្វែង​ជា​ច្រើន​ខ្នង​ផង​ដែរ​។​

​បើ​តាម​ការ​អះអាង​ពី​លោក​វរសេនីយ៍ឯក​ គឹ​ម​ ប៊ុ​ន​ធឿ​ន​នាយការិយាល័យ​បង្ការ​ ពន្លត់​អគ្គិភ័យ​បានអោយ​ដឹង​ថា​ការ​ឆាបឆេះ​នេះ​មាន​សភាព​លឿន​បំផុត​ដោយ​លោក​ បាន​ប្រើប្រាស់​ទឹក​ចំនួន​១២​ រថយន្ត​ទើប​អាច​ទប់ស្កាត់​បាន​ដោយ​បញ្ចប់​នៅ​ម៉ោង​២​និង​៣០​នាទី​ រំលង​អា​ធ្រា​ត្រ​។​

នៅ​ក្នុង​ហេតុការណ៍​នេះ​ដែរ​គេ​ស​ង្គេ​ត​ឃើញ​ថា​មាន​ស្ត្រី​វ័យ​៦០​ឆ្នាំ​ម្នាក់​ បាន​ស្លាប់​នៅ​ក្នុង​ភ្នក់ភ្លើង​នេះ​រហូត​ខ្លោច​ក្រៀម​ឯ​ផ្ទះ​ដែល​រង​គ្រោះ​មាន​ដូច​ជា​ ១.​ ផ្ទះ​ ១​ខ្នង​ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ ទំហំ​ ៤​ម៉ែត្រ​គុណ​១២​ម៉ែត្រ​ របស់​ឈ្មោះ​ លី​ ស៊ី​ញ​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​ មុខរបរ​ ធ្វើ​ធៀប​ការ​(​ឆេះ​អស់ទាំង​ស្រុង​)​ ២.​ផ្ទះ​ ០១​ខ្នង​ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ ទំហំ​ ៤​ម៉ែត្រ​គុណ​១២​ ម៉ែត្រ​ របស់​ឈ្មោះ​ ម៉ុង​ រិ​ទ្ធី​ ភេទ​ប្រុស​ អាយុ​ ២៩​ ឆ្នាំ​ មុខរបរ​ ពិធីការ​ (​ឆេះ​អស់ទាំង​ស្រុង​)​ ៣.​ ផ្ទះ​ ០១​ ខ្នង​ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ ទំហំ​ ៤​ម៉ែត្រ​គុណ​២០​ម៉ែត្រ​ របស់​ឈ្មោះ​ ណរ​ ទី​ ភេទ​ប្រុស​ អាយុ​ ៣៧​ ឆ្នាំ​ មុខរបរ​ ចិញ្ចឹម​ត្រី​ (​ឆេះ​អស់ទាំង​ស្រុង​)​ ៤.​ ផ្ទះ​ ០១​ ខ្នង​ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ​ ៤​ម៉ែត្រ​គុណ​២២​ម៉ែត្រ​របស់​ឈ្មោះ​ ថា​ ផ​ល្លី​ ភេទ​ប្រុស​ អាយុ​ ៥៨​ ឆ្នាំ​ មុខរបរ​សន្តិសុខ​។​

បើ​ទោះបីជា​មាន​ពាក្យ​មួយ​ចំនួន​ថា​ ការ​ឆាបឆេះ​នេះ​គឺ​បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី​ក៏​ដោយ​ក៏​សមត្ថកិច្ច​នៅ​មិន​ទាន់​អះអាង​ថា​ បណ្តាល​មក​ពី​មូលហេតុ​អ្វី​ ហើយ​ចេញពី​​ផ្ទះ​ណាមួយ​នោះ​នៅឡើយ​ដែរ​ដោយ​ព្រឹក​នេះ​កម្លាំង​កំពុង​ចុះ​សិក្សា​ស្រាវជ្រាវ​៕​

ចំនួនអ្នកទស្សនា

    20624697

  • ថ្ងៃនេះ571
  • ម្សិលមិញ10851
  • សប្តាហ៍នេះ67091
  • ខែនេះ182241
  • ឆ្នាំនេះ182241
  • សរុប20624697