កណ្ដាល ៖ បុរសម្នាក់ស្លាប់យ៉ាងអណោចអធ័ម ខណៈជិះម៉ូតូដោយល្បឿនលឿនមិនប្រយ័ត្នបានជ្រុលទៅបុកបង្គោលប្រាប់ទិស(ភ្នំពេញ-សៀមរាប)ពេញមួយទំហឹង កាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចលើផ្លូវ៧០A ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។
មន្ដ្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ ញឹក ឌឿន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១១ ពាក់ស្លសាកលេខ ភ្នំពេញ 1AZ-0134 ។
ប្រភពដដែលបន្ដថា នៅវេលាយប់កើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូចេញពី រកាកោង តាមបណ្ដោយផ្លូវលេខ៧០A ក្នុងទិសដៅពីជើងមកត្បូងដោយល្បឿនលឿន លុះជិះមកដល់ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះក៏បានរេចង្កូតជ្រុលទៅបុកបង្គោលស្លាកសញ្ញាប្រាប់ទិស(ភ្នំពេញ-សៀមរាប)ពេញមួយទំហឹង បណ្តាលឲ្យជនរងគ្រោះដួលបោកទៅនឹងផ្លូវដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចចរាចរណ៍ស្រុកបានចុះធ្វើការវាស់វែងនិងកសាងឯកសារដកហូតយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ។
តាមសេចក្ដីសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើនេះគឺបណ្ដាលមកពីជនរងគ្រោះជិះម៉ូតូខ្វះការប្រុងប្រយត្ន័ និងល្បឿនលឿន ទើបបណ្តាលឲ្យបុកបង្គោលប្រាប់ ទិស(ភ្នំពេញ សៀមរាប)ស្លាប់យ៉ាងបែបនេះ ៕