ភ្នំពេញ ៖ ផ្ទះបណ្តែតទឹកជាច្រើនខ្នងរបស់ជនជាតិវៀតណាម ដែលស្ថិតនៅតាមដងទន្លេទន្លេសាប សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កំពុងតែបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានទឹក និងបង្កអោយស្ទះចរាចរណ៍ផ្លូវទឹក។ក្រៅពីនោះបានធ្វើឱ្យប៉ះពាល់ដល់មច្ឆជាតិ និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សោភ័ណភាព ប៉ះពាល់លើវិស័យទេសចរណ៍ផងដែរ។
ផ្ទះបណ្តែតទឹកទាំងនោះមានចំនួនច្រើនគ្រួសារតែមិនដឹងចំនួនច្បាស់ទេ កំពុងរស់នៅ ក្នុងនោះមានទាំងជនជាតិវៀតណាម ខ្មែរ និង ខ្មែរអ៊ិស្លាម ដោយខ្លះជាអ្នកនេសាទ ជាឈ្មួញទិញត្រី ជាកសិករស្រែចម្ការ។ ចំណែកខ្លះទៀតធ្វើអាជីវកម្មលើផ្ទះ ដូចជាជាងជួសជុលម៉ាស៊ីន ជាងក្រឡឹង ជាងធ្វើទូក កាណូត អាជីវករលក់ប្រេងឥន្ធនៈ និងចិញ្ចឹមត្រីជាដើម ។
ភាពជាក់ស្តែង ការរស់នៅលើផ្ទៃទឹករបស់ពួកគេ គឺមិនបានយកចិត្តទុកដាក់លើបញ្ហាអនាម័យលើទឹកបន្តិចណាឡើយ ។ ពួកគាត់បានបោះចោលសំរាម ថង់ប្លាស្ទិក កាកសំណល់ផ្ទះបាយ និងជាងនេះទៅទៀត គឺការបន្ទោបង់លាមក ទម្លាក់ចូលទៅក្នុងទឹករហូតអ្នកបរិភោគត្រីមួយចំនួនបាននិយាយថា លាមករាប់តោនកំពុងក្លាយជាចំណីត្រីក្នុងទន្លេសាប។
ចំណែកឯជាងជួសជុលម៉ាស៊ីនវិញបានបង្ហូរប្រេងម៉ាស៊ីនចូលទៅក្នុងទឹកទន្លេតែម្តង ដែលទាំងអស់នេះគឺបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាននៃទឹកទន្លេសាប។
ទាក់ទងទៅនឹងបញ្ហាផ្ទះជនជាតិវៀតណាមនេះដែរលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅបានឲ្យដឹងថា មួយរយៈនេះលោកបានរាយការណ៍ទៅលោកអភិបាលរាជធានីភ្នំពេញ ហើយលោកអភិបាលរាជធានីភ្នំពេញលោកក៏បានឯកភាព។ ឥឡូវជាគោលការណ៍លោកបានឲ្យលោកអធិការសង្កាត់នឹងប៉ុស្តិ៍នគរបាលរដ្ឋបាលសម្រង់នូវស្ថិតិ។ លោកអភិបាលបានបន្តថាកន្លងទៅសមត្ថកិច្ចបានស្រង់ស្ថិតិម្តងរួចហើយ។ ហើយឥឡូវកំពុងធ្វើបច្ចុប្បន្នភាពដោយសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ហើយអគ្គនាយកដ្ឋានសន្តោប្រវេសន៍បានសហការជាមួយខណ្ឌដោយបានប្រជុំពិភាក្សាគ្នាជាច្រើនលើកផងដែរ។ ភាពមិនប្រក្រតី មិនស្របច្បាប់ ទាំងឡាយណាដែលកើតមាននៅតាមមូលដ្ឋានមិនមែនតែនៅក្នុងខណ្ឌព្រែកព្នៅនោះទេ ខាងអន្តោប្រវេសន៍កំពុងដុតដៃដុតជើងដោយសហការជាមួយមូលដ្ឋានតាំងពីច្បារអំពៅ ឫស្សីកែវ នឹងព្រែកព្នៅនេះ។ លោកបានបញ្ជាក់ថាបច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងបន្តធ្វើបច្ចុប្បន្នភាពដើម្បីដឹងចំនួនជាក់លាក់នូវស្ថិតិ។ កន្លងមកកម្លាំងមូលដ្ឋានខណ្ឌព្រែកព្នៅបានរៀបរយ រុះចេញនូវ១៩គ្រួសារ ដែលមានសហគមន៍វៀតណាម ខ្មែរអ៊ិស្លាម និងជនជាតិខ្មែរផងដែរ ដែលរស់នៅលើផ្ទៃបឹងតាមោក និងព្រែកព្នៅ ដើម្បីសម្រួលចរាចរណ៍ផ្លូវទឹកឲ្យកាន់តែល្អ។
ប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងពីការកើនឡើងជនអន្តោប្រវេសន៍ខុសច្បាប់ដែលភាគច្រើនជាពលរដ្ឋវៀតណាម មកតាំងទីលំនៅប្រទេសកម្ពុជា យូរឆ្នាំណាស់មកហើយ៕