ភ្នំពេញ ៖ មានករណីលួចម៉ូតូមួយបានកើតឡើងកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣៥នាទី ត្រង់ចំណុចខាងកើតផ្ទះលេខ១២១-១២៣ បុរីពិភពថ្មី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ។
លោកវរសេនីយ៍ទោ ឈឹម ប៊ុនរ័ត្ន អធិការស្តីទីខណ្ឌដង្កោបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ឡាំ ឡូត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៥៦M ស្ថិតនៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យចំនួន០២នាក់ ទី១-ឈ្មោះ ស៊ាត សេងពៅ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសារព័ត៌មានសន្តិភាព មានទីលំនៅភូមិហារ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្នាក់នៅផ្ទះជួលលេខ២៦អូ ផ្លូវលំ បុរីរុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទី២-ឈ្មោះ សឿង ផាន្នី ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីកាត់ដេរ មានទីលំនៅភូមិសន្លុង ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែងស្នាក់នៅផ្ទះជួលលេខ២៦អូ ផ្លូវលំ បុរីរុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ (គេចខ្លួន)។
វត្ថុតាងចាប់យក៖ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GW-5381មានលេខតួ និងលេខម៉ាស៊ីន5196921 , ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1P-4979 មានលេខតួ និងលេខម៉ាស៊ីន9242228, ក្បាំងម៉ូតូមួយគូរ, កន្ត្រកម៉ូតូចំនួន០៣, សោរសម្រាប់ ដោះម៉ូតូមួយចំនួន, កាបូបស្ពាយពណ៌សូកូឡាចំនួនមួយ។
លោកអធិការស្តីទីបន្តថាកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០៩និង០៥នាទី ជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GW-5381 មានលេខតួ និងលេខម៉ាស៊ីន5196921 ចេញពីផ្ទះលេខ៥៦M ស្ថិតនៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មកមើលការងារនៅបុរីពិភពថ្មី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលមកដល់នៅវេលាម៉ោង១១និង០៥នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបាន ទុកម៉ូតូម៉ាកខាងលើនៅខាងកើតផ្ទះលេខ១២១-១២៣ ចម្ងាយប្រហែល១០ម៉ែត្រ ដោយពុំបានដកកូនសោរម៉ូតូ ចេញពីម៉ូតូទេ និងបានទុកកាបូបស្ពាយពណ៌សូកូឡាមួយ នៅលើម៉ូតូ រួចក៏ឡើងទៅមើល ជាងសំណង់នៅជាន់ទី១ រហូតដល់វេលាម៉ោង១១ និង៣៥នាទី ជនរងគ្រោះបានក្រឡេកមើលទៅក្រោម ស្រាប់តែបាត់ម៉ូតូ ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ឆែកមើល ជីភីអេស តាមទូរស័ព្ទដៃរបស់ជនរងគ្រោះដែលបំពាក់ជាប់នៅម៉ូតូម៉ាកខាងលើ បង្ហាញចំណុចផ្ទះជួលលេខ២៦អូ ផ្លូវលំ បុរីរុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ហើយសមត្ថកិច្ចនគរបាលខណ្ឌដង្កោយើង ក៏បានទៅសហការជាមួយសមត្ថកិច្ចនគរបាខណ្ឌពោធិ៍សែនជ័យ បង្កើតគណៈកម្មការចម្រុះ ធ្វើការឆែកឆេរផ្ទះជួលខាងលើ ដកហូតបានវត្ថុតាងៈ ម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GW-5381មានលេខតួ និងលេខម៉ាស៊ីន5196921 (របស់ជនរងគ្រោះ), ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1P-4979 មានលេខតួ និងលេខ ម៉ាស៊ីន9242228 (របស់ជនសង្ស័យ), ក្បាំងម៉ូតូមួយគូរ, កន្ត្រកម៉ូតូចំនួន០៣, សោរសម្រាប់ ដោះម៉ូតូមួយចំនួន, កាបូបស្ពាយពណ៌សូកូឡាមួយ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការស្រាវជ្រាវឃាត់ជនសង្ស័យដែលបានគេចខ្លួនបាត់ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ៕