បាត់ដំបង ៖ ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សីធ្វើការឃាត់ខ្លួនដើម្បីបញ្ជូនទៅតាមនិតិវិធីបន្ទាប់ពីស្ត្រីរូបនេះបានហុចកូនកាំបិតទៅអោយចៅប្រុសដែលទើបតែមានអាយុ ៦ឆ្នាំ ទៅចាក់លើគូបដិបក្ខដែលមានទំនាស់រហូតដល់រងរបួសជាទម្ងន់ដោយសារតែគូជម្លោះនេះ ទើបនឹងមានការប្រតាយប្រតប់គ្នាផងនោះ។
ករណីហិង្សាដោយចេតនា និងមានស្ថានទម្ងន់នេះ បានកើតឡើងនៅចំណុចភូមិតាលាស់ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីវេលាម៉ោង ៥និង ៣០ នាទី ល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ ដែលជនសង្ស័យមានឈ្មោះ ពេក ផាន់ណា ភេទប្រុស អាយុ ៦ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺមានការឈ្លោះទាស់ទែងមួយបានកើតឡើង រវាងស្ត្រីវ័យចំណាស់ឈ្មោះ ឆាំ ភី អាយុ៥២ឆ្នាំជាមួយនឹងនារីម្នាក់ទៀតឈ្មោះ គ្រុយ សុខា អាយុ៣៣ឆ្នាំ រស់នៅក្បែខាងនឹងគ្នា ដោយសារតែមានការប្រតាយ ប្រតប់គ្នា ទើបស្ត្រីឈ្មោះ ឆាំ ភី បានហុចកូនកាំបិតចុងស្រួច ទៅអោយចៅប្រុសរួចក៏រត់សំដៅទៅចាក់លើភាគីជម្លោះបណ្តាលអោយរងរបួសត្រង់ក្រោមឆ្អឹងជំនីខាងឆ្វេង។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ឆាំ ភី ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាន នគរបាលស្រុកមោងឫស្សីឃាត់ខ្លួនយកទៅកាន់អធិការដ្ឋាន រីឯជនរងគ្រោះក៏ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ហើយដែរ ៕