បាត់ដំបង ៖ បុរសរងគ្រោះម្នាក់ពិតជាអាយុថ្លៃមែនបន្ទាប់ពីត្រូវរន្ទះបាញ់ធ្លាក់ពីលើគោយន្តហើយក៏ត្រូវគោយន្តរបស់ខ្លួនកិនបន្ថែមទៀត តែមិនស្លាប់ខណៈដែលបុរសរូបនេះបើកបរគោយន្តត្រឡប់មកពីស្រែវិញ ទាំងមេឃកំពុងធ្លាក់ភ្លៀងរលឹមស្រិចៗផង។
ហេតុការណ៍នៃគ្រោះធម្មជាតិនេះបានកើតឡើងកាលពីថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៣និង១០នាទីល្ងាច ត្រង់ចំណុច កណ្តាល វាលស្រែទួលរកា ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបងដោយមានករណីរន្ទះបាញ់មួយបានបង្កឲ្យមានប្រជាកសិករម្នាក់ រងរបួសជាទម្ងន់។
យោងតាមសម្តីពីក្រុមគ្រួសារសាច់ញាតិបាននិយាយថា ជនរងគ្រោះឈ្មោះ ម៉ៅ ម៉ារឌី ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ដោយនៅមុនពេលកើតហេតុគឺជនរងគ្រោះរូបនេះបានបើកបរគោយន្តចេញទៅមើលស្រែ នៅឯជាយភូមិលុះក្រោយមកគេក៏ត្រឡប់ទៅផ្ទះវិញខណៈដែលមេឃកំពុងធ្លាក់ភ្លៀងរលឹម។
ភ្លាមៗនោះដែរអ្នកភូមិក៏បានឮសម្លេងរន្ទះផ្ទុះឡើងដែលសម្លេងស្មើនឹងការបាញ់កាំភ្លើងធំធ្វើអោយមានការភ្ញាក់ផ្អើលដោយសារតែប្រជាកសិករដែលនៅក្បែទីតាំងកើតហេតុបានឃើញជនរងគ្រោះធ្លាក់ពីលើគោយន្ត ហើយក៏ត្រូវគោយន្តកិនបន្ថែមបណ្តាលឲ្យ របួសត្រង់ដើមទ្រូង និងដៃទាំងសងខាង ជាទម្ងន់ទើបប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចបានបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។
ពាក់ព័ន្ធនឹងបញ្ហាគ្រោះធម្មជាតិនេះក៏មានប្រភពជាច្រើនបានលើកឡើងថា ដើមឆ្នាំនេះមានករណីរន្ទះបាញ់បានកើតឡើងស្ទើរតែគ្រប់ទីកន្លែង ថែមទាំងកាចទៀតផង ដោយឡែកលើកនេះគឺពិតជាសំណាងណាស់ដែលជនរងគ្រោះពិតជាអាយុថ្លៃមែនដោយគ្រាន់តែរងរបួសតែប៉ុណ្ណោះ គឺមិនបាត់បង់អាយុជីវិត ៕