ភ្នំពេញ៖ជនជាតិចិននិងជនជាតិវៀតណាមចំនួន១១នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីស្នាក់នៅគ្មានឯកសារគ្រប់គ្រាន់។ ប្រតិបត្តិការត្រួតពិនិត្យជនបរទេសខាងលើបានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨វេលាម៉ោង០៩និង០៥នាទី។
លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាត់ឲ្យលោកអនុសេនីយ៍ឯក ចុល ចេក ជានាយរងការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន សម្របសម្រួលផ្លូវច្បាប់ដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យ ជនជាតិបរទេស ដែលលួចឆ្លងដែន និងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ចំនួន០២ទីតាំង។
លោកនាយការិយាល័យបន្តថាទីតាំងទី១៖ភូមិទួលរកា២ ផ្លូវលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ជាលទ្ធផល ពិនិត្យឃើញមាន ជនជាតិវៀតណាម សរុបចំនួន០៤នាក់ (ស្រី០១នាក់) និងជនជាតិចិនម្នាក់ មានលិខិតឆ្លងដែន តែគ្មានវីសាការងារ (សៀវភៅការងារ)។
ទីតាំងទី២៖ភូមិ៤ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ជាលទ្ធផលពិនិត្យឃើញមាន ជនជាតិវៀតណាម សរុបចំនួន០៦នាក់ ប្រុស មានលិខិតឆ្លងដែន តែគ្មានវីសាការងារ (សៀវភៅការងារ)។ ជនបរទេសទាំងអស់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕