ភ្នំពេញ ៖ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៤រសៀល កម្លាំងប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីបើកល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅចំណុចតាមបណ្តោយផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខបានឱ្យដឹងថាជនសង្ស័យចំនួន០៣នាក់រួមមានទី១-ឈ្មោះ ហុក ឆាយ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១២អា ផ្លូវ៣៧០ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ, ទី២-ឈ្មោះ ឈុន នឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខែ្មរ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងទី៣-ឈ្មោះ លាភ ហៀប ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខែ្មរ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
សម្ភារៈដកហូត ៖ មាន់ជល់ចំនួនមួយក្បាល, ជញ្ជីងថ្លឹងចំនួនមួយ, ទ្រុងក្រុងមាន់ចំនួនមួយ, ប្រាក់រៀលចំនួន១៩០.០០០រៀល , ម៉ូតូចំនួន០២គ្រឿង។
លោកអធិការបន្តថា កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ទទួលព័ត៌មានថា នៅចំណុចខាងលើមានការបើកលេងល្បែងស៊ីសងភ្នាល់បញ្ជល់មាន់ ក្រោយពីទទួលព័ត៌មានបាន អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះដល់ចំណុចកើតហេតុឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ រួមទាំងវត្ថុតាងខាងលើរួចកម្លាំងយើងនាំខ្លួនជនសង្ស័យមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕