បន្ទាយមានជ័យ ៖ យុវជនម្នាក់ ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យផ្លាមផងដែរបន្ទាប់ជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូ។ ហេតុការណ៍បង្កឲ្យមានភ្ញាក់ផ្អើលនេះបានកើតឡើង នៅវេលាម៉ោង៦និង៤៥នាទីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅខាងត្បូងវត្តសមាធិផលចម្ងាយ១៥០ម៉ែត្រ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងាសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
តាមប្រភព័ត៌មានពីនគរបាលចរាចរណ៍ផ្លូវគោកបានឲ្យដឹងថាជនរងគ្រោះឈ្មោះ សឿន ចំណាប់ ភេទប្រុស អាយុ២៦ឆ្នាំ ជាកម្មករ នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បើកបរម៉ូតូឆាលី ពណ៌ស និងម្នាក់ទៀតឈ្មោះភឿន ចំរើន ភេទប្រុសអាយុ៥៣ឆ្នាំ លក់ដូរ នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរី សោភ័ណ ផងដែរ។
សមត្ថកិច្ចបានឲ្យដឹងទៀតថាតាមសាក្សីដែលឃើញហេតុការណ៍នោះ ប្រាប់ថាដំបូងឈ្មោះសឿន ចំណាប់ បានបើកម៉ូតូឆាលី ក្នុងទិសដៅពីត្បូងមកជើង ពេលដល់ចំណុចកើតហេតុ បានបុកម៉ូតូ១គ្រឿងម៉ាកឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1A-0430 បើកបរដោយឈ្មោះភឿន ចំរើន ក្នុងទិសដៅពីជើងទៅត្បូងបញ្ច្រាសទិសគ្នា បណ្តាលឲ្យឈ្មោះសឿន ចំណាប់មិនពាក់មួកសុវត្ថិភាព ដួលបោកក្បាលទៅនឹងថ្នល់រងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកយកទៅមន្ទីរពេទ្យ ចំណែកអ្នកបើកម៉ូតូឌ្រីមរបួសស្រាល។ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺ បណ្តាលមកពីអ្នកបើកម៉ូតូឆាលី បត់មកឆ្វេងដៃ មិនប្រយ័ត្នបុកម៉ូតូឌ្រីម ដែលគេបើកផ្លូវអាទិភាពរបស់គេ។ វត្ថុតាងម៉ូតូទាំង២គ្រឿងសមត្ថកិច្ចយកមករក្សាទុកនៅការិយា ល័យចរាចរណ៍រងចាំធ្វើការដោះស្រាយពេលក្រោយ៕