បន្ទាយមានជ័យ ៖ យុវជន៤នាក់បានបបួលគ្នាទៅជក់គ្រឿងញៀននៅក្នុងផ្ទះ ប្រជាពលរដ្ឋអ្នកជិតខាងសង្ស័យក៏ប្តឹងរាយកាណ៍ទៅនគរបាល ក្រុងប៉ោយប៉ែត អធិការនគរបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ក៏បានដឹកនាំកម្លាំង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ ក៏ឆ្មក់ចូលបង្ក្រាបឃាត់ខ្លួនពួកគេ ដែលកំពុងសម្ងំជក់គ្រឿងញៀនជាក់ស្តែង។ ការបង្ក្រាបសមត្ថកិច្ចធ្វើឡើងកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៨ ម៉ោង ១៤ និង ២៥ នាទី ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត ប្រាប់ឱ្យដឹងថា កម្លាំងនគរបាលក្រុងប៉ោយប៉ែត ក្រោមការអនុវត្តតាមផែនការនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធបញ្ហាគ្រឿងញៀន លោកបាននិងដឹកនាំកម្លាំងអនុវត្តនិងដោះស្រាយបញ្ហាគ្រឿងញៀននៅក្រុងប៉ោយប៉ែត ជាប្រចាំគឺមិនបន្ធូដៃឡើយ ពីព្រោះគ្រឿងញៀនបាននាំឱ្យបង្កអសន្តិសុខ និងធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាច។
លោកអធិការប្រាប់ទៀតថា ជនសង្ស័យ៤នាក់ ទី១-ឈ្មោះ ហ៊ួរ សម្ភស្ស ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ, ទី២-ឈ្មោះ តិ ឌីណា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិបាលិលេយ្យ១, ទី៣-ឈ្មោះ ហ៊ួរ ភក្តី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ក្រុងប៉ោយប៉ែតបន្ទាយមានជ័យ, ទី៤-ឈ្មោះ ឈុំ លីម៉េង ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ បុគ្គលិក កាស៊ីណូផ្កាយ៥ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ដកហូតបានសម្ភារៈវត្ថុតាងរួមមានៈ ម្ស៉ៅក្រាមសថ្លាចំនួន ១៤ថង់តូច។ បច្ចុប្បន្នជនសង្សយ័ទាំង៤នាក់កំពុងស៊ើបសួរនៅអធិការក្រុងប៉ោយប៉ែត ដើម្បីរងចាំបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តអនុវត្តតាមនីតិវិធីច្បាប់ ៕