ផ្ទះ​៨​ខ្នង​នៅ​ក្រុង​សិរី​សោភ័ណ​រង​ការ​ខូចខាត​ដោយ​ខ្យល់​កន្ត្រាក់​

18-May-2018 | ដោយ ពលមនសិការ

បន្ទាយ​មាន​ជ័យ​៖​យ៉ាង​ហោច​ណាស់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៨​ខ្នង​នៅ​សង្កាត់​ម្កាក់​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ បាន​រង​ការ​ខូចខាត​ដោយ​ខ្យល់​កន្ត្រាក់​ខណៈ​ដែល​មាន​ខ្យល់​បោកបក់​យ៉ាង​ខ្លាំង​លាយឡំ​ជាមួយ​ភ្លៀង​ផ្គរ​រន្ទះ​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៨​។​

​អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ​ លោក​វរសេនីយ៍ឯក​ ស៊ី​ ឌី​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ខ្យល់​កន្ត្រាក់​នោះ​មិន​បង្ក​ឱ្យ​ប៉ះពាល់​គ្រោះថ្នាក់​ដល់​អាយុ​ប្រជាពលរដ្ឋ​នោះ​ឡើយ​។​ គ្រាន់តែ​ផ្ទះ​ចំនួន​៨​ខ្នង​ត្រូវ​បាន​រង​ការ​ខូចខាត​ធ្ងន់​និង​ស្រាល​។​ ប្រជាពលរដ្ឋ​៨​គ្រួសារ​នោះ​បាន​ប្រឈម​ និង​ខ្វះខាត​ទីជម្រក​ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែឧសភា​ អភិបាលរង​ខេត្តបន្ទាយមានជ័យ​ លោក​ អ៊ុំ​ រាត្រី​ លោក​អភិបាលក្រុង​សិរី​សោភ័ណ​លោក​ ហ៊ឹ​ល​ រ៉ា​យ៉ា​ និង​ស្នងការ​រង​ លោក​ឧត្តមសេនីយ៍ត្រី​ វង្ស​ វ៉ិ​ត​ បាន​ដឹកនាំ​កម្លាំង​នគរបាល​ និង​អាវុធហត្ថ​ បាន​ចុះ​ទៅ​ជួយ​រុះរើ​និង​ជួសជុល​កសាង​លំនៅ​ឋាន​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ និង​បាន​នាំ​យក​ស័ង្កសី​មួយ​ចំនួន​ធំ​ សម្រាប់​ប្រក់​កសាង​ជួសជុលផ្ទះ​រង​ការ​ខូចខាត​នោះ​ឡើង​វិញ​ផង​ដែរ​។​

សូម​រំលឹក​ថា​ នៅ​ក្នុង​រដូវ​ខែវស្សា​បាន​ឈាន​ចូល​មក​ដល់​គេ​ឃើញ​ខេត្តបន្ទាយមានជ័យ​ បាន​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​បង្ក​ឱ្យ​ផ្ទះ​ប្រ​ចា​ពលរដ្ឋ​មួយ​ចំនួន​រង​ការ​ខូចខាត​ និង​រង​គ្រោះ​ជំនន់​ទឹកភ្លៀង​ក្នុងស្រុក​និង​ទឹកជំនន់​ហូរ​ពី​ប្រទេស​ថៃ​ នៅ​តាម​បណ្តា​ស្រុក​ក្រុង​មួយ​ចំនួន​បណ្តាល​ឱ្យ​ផ្ទៃដី​កសិកម្ម​មួយ​ចំនួន​រង​ការ​ជន់​លិច​។​មិនតែប៉ុណ្ណោះ​គិត​ត្រឹមតែ​ត​រយៈពេល​១​ស​ប្តា​ហ៍​ចុង​ក្រោយ​ នេះ​មាន​ប្រជាពលរដ្ឋ​បាន​រង​គ្រោះ​ដោយ​រន្ទះបាញ់​ស្លាប់​និង​រង​របួស​៦​នាក់​នោះ​ហើយ​ នៅ​ស្រុក​អូរ​ជ្រៅ​ស្លាប់​១​នាក់​ ស្រុក​ថ្មពួក​រង​របួស​៣​នាក់​ និង​ស្រុក​មង្គល​បូ​រី​ ស្លាប់​២​នាក់​៕​​

ចំនួនអ្នកទស្សនា

    20621857

  • ថ្ងៃនេះ8591
  • ម្សិលមិញ9421
  • សប្តាហ៍នេះ64251
  • ខែនេះ179401
  • ឆ្នាំនេះ179401
  • សរុប20621857