ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យ១០នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់សម្ភារៈប្រជាពលរដ្ឋតាមផ្លូវសាធារណៈ)។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថាកាលពីថ្ងៃទី១៦ ខែឧសភា កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវកំណត់មុខសញ្ញា និងឈានដល់ការបង្ក្រាបជនសង្ស័យជាបន្តបន្ទាប់ចំនួន៦នាក់ រួចបន្តសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពតនិងស្នងការដ្ឋាននគរបាលខេត្តកែប ឈានទៅដល់ឃាត់ខ្លួនបក្ខពួក៤នាក់ទៀត។
លោកវរសេនីយ៍ឯក នាយការិយាល័យជំនាញបន្តថាជនសង្ស័យទាំង១០នាក់រួមមានទី១-ឈ្មោះ ជឿន ចាន់ទី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ឃាត់ខ្លួននៅចំណុចខាងកើតក្បាលស្ពានព្រះមុន្នីវង្សថ្មី សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ទី២-ឈ្មោះ សុខ សំបូរ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សិស្សសាលាប៊ែលធី។ ទី៣-ឈ្មោះ ឈុំ ចាន់ដារ័ត្ន ហៅគង់ វិច្ឆិកា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ សិស្សវិទ្យាល័យច្បារអំពៅ។ ទី៤-ឈ្មោះ គុណ ផល្លា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ទី៥-ឈ្មោះ ញ៉េ សុខជី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សិស្សសាលាប៊ែលធី ឃាត់ខ្លួននៅចំណុចផ្ទះសំណាក់មិត្តភាព សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ទី៦-ឈ្មោះ តាំង គីមសៀង ហៅតេង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សិស្សវិទ្យាល័យច្បារអំពៅ ឃាត់ខ្លួននៅចំណុចខាងមុខប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា ខណ្ឌច្បារអំពៅ។ ទី៧-ឈ្មោះ ស សុខា ហៅវី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ សិស្សវិទ្យាល័យស៊ីវត្ថិ។ ទី៨-ឈ្មោះ ឆេង មានរាជ្យ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ សិស្សវិទ្យាល័យច្បារអំពៅ។ ទី៩-ឈ្មោះ សុខ ហេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ សិស្សវិទ្យាល័យសុធារស។ និងជនសង្ស័យទី១០-ឈ្មោះ កែវ សុជាតិ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ សិស្សវិទ្យាល័យសុធារស ឃាត់ខ្លួននៅចំណុចខាងមុខផ្សារក្តាម ភូមិថ្មី ឃុំព្រៃធំ ក្រុងកែប ខេត្តកែប។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានី បញ្ជាក់ថាក្រុមជនសង្ស័យធ្លាប់ធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោសចំនួន២ករណីរួមមានករណីទី-ក្រុមជនសង្ស័យធ្វើសកម្មភាពឆក់កាបូបយួរដៃ ពណ៌ផ្កាឈូក ជនជាតិចិន ប្រព្រឹត្តនៅចំណុចចំហៀង ស្ថានទូតអូស្ត្រាលី ផ្លូវស្ពានហង្ស ក្រុមទី៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។ ជនរងគ្រោះឈ្មោះDeng FengYing ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិចិន មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៥៣អឺ០ ផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ បាត់បង់សម្ភារៈ លិខិតឆ្លងដែនជនជាតិចិនមួយក្បាល, អត្តសញ្ញាណបណ្ណជនជាតិចិនមួយសន្លឹក, កាតធនាគារជនជាតិចិនមួយសន្លឹក, ប្រាក់ចិន ចំនួន ១១០,ប្រាក់ដុល្លារ ២០០០ដុល្លារអាមេរិក។
ករណីទី២-ក្រុមជនសង្ស័យធ្លាប់ធ្វើសកម្មភាពឆក់កាបូបស្ពាយ ពណ៌ខ្មៅ ជនជាតិចិន ប្រព្រឹត្តនៅចំណុច ផ្លូវលេខ២១៤ កែងផ្លូវលេខ១៤១ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨។ ជនរងគ្រោះឈ្មោះ YI YAQING ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន ស្នាក់នៅផ្ទះលេខ៥២ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
សម្ភារៈបាត់បង់ៈ សៀវភៅការងារមួយច្បាប់, លិខិតឆ្លងដែនចំនួន៣ក្បាល, ប្រាក់ដុល្លារចំនួន២,០០០ដុល្លារ, ប្រាក់ចិន ៣០០យ៉េន, កាតធនាគារចំនួន៧សន្លឹក។
វត្ថុតាងដកហូត៖ ម៉ូតូ៣គ្រឿងរបស់ជនសង្ស័យសម្រាប់ធ្វើសកម្មភាពរួមមាន ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ គ្មានស្លាកលេខ, ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GX-6131, ម៉ាកហុងដា ប៊ីត ពណ៌ក្រហម-ស ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GS-0765, ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1HA-8623, ម៉ាកSUZUKI NEX ពណ៌សលាយក្រហម ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GZ-8960 ៕