ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោសដោយអំពើហិង្សា (ប្រើកាំបិតផ្គាក់កាប់របួសក្បាល និងដាច់ម្រាមដៃ) នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ០៣ទាបភ្លឺ ត្រង់ចំណុចផ្ទះលេខ២៣០ ផ្លូវបេតុងព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ ឈឹម ប៊ុនរ័ត្ន អធិការស្តីទីខណ្ឌដង្កោបានឱ្យដឹងថាជនសង្ស័យឈ្មោះ ជា រ័ត្ន ហៅ ពេជ្រ ភារម្យ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់ នៅផ្ទះជួលគ្មានលេខស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ជឿន ឌីណា ភេទប្រុស អាយុ២២ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅផ្ទះលេខ២៣០ ផ្លូវបេតុង ព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។
វត្ថុតាងចាប់យក៖កាំបិតផ្គាក់ដងឫស្សីប្រវែង៦០សង្ទីរម៉ែត្រមួយ, កូនកាំបិតចិតបន្លែពណ៌សគ្មានដងប្រវែង២៥សង់ទីម៉ែត្រមួយ, ម្រាមចង្អុលដៃខាងស្ដាំដាច់ប្រវែងប្រហែល០៣សង្ទីរម៉ែត្រ (ម្រាមដៃរបស់ ជនរងគ្រោះ) មួយ, នាឡិការដៃពណ៌ខ្មៅមួយ, រទេះអេតចាយចំនួន០២ (រទេះចាស់) សម្បកកំប៉ុងចំនួន០២បាវ។
លោកអធិការស្តីទីបានបន្តថា ជនសង្ស័យមានគ្នាចំនួន០៤នាក់ ទី១-ឈ្មោះ ជា រ័ត្ន ហៅ ពេជ្រ ភារម្យ ភេទប្រុស ២៨ឆ្នាំ, ទី២-ឈ្មោះ ភ័ក្រ ភេទប្រុស អាយុ១៨ឆ្នាំ, ទី៣-ឈ្មោះ ប៉ាអាម៉ី ភេទប្រុស អាយុ៣១ឆ្នាំ, ទី៤-មិន ស្គាល់ឈ្មោះ បានធ្វើសកម្មភាពលួចយកសម្បកកំប៉ុងអេតចាយចំនួន០២បាវ និងដែកទីបជ្រុង របស់ជនរងគ្រោះឈ្មោះ ជឿន ឌីណា ភេទប្រុស អាយុ២២ឆ្នាំ ត្រង់ចំណុចផ្ទះលេខ២៣០ផ្លូវបេតុង ព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដាក់លើរទេះអូសចេញ។ ពេលនោះ ជនរងគ្រោះភ្ញាក់ដឹងខ្លួន បានដេញតាមជនសង្ស័យខាងលើ ចេញពីផ្ទះបានចម្ងាយប្រហែល៣០០ម៉ែត្រ ក៏ទាន់ក្រុមជនសង្ស័យ តែត្រូវជនសង្ស័យទាំង០៤នាក់ខាងលើព្រួតគ្នាវ៉ៃ និងកាប់បណ្តាល ឱ្យជនរងគ្រោះរងរបួសដាច់ម្រាមដៃចង្អុលខាងស្តាំ និងរបួសក្បាលលើថ្ងាស់ប្រវែងប្រហែល៥សង្ទីរម៉ែត្រ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចយើង ដែលកំពុងដាក់គោលដៅពួនស្ទាក់ក្បែរកន្លែងកើតហេតុនោះស្រាប់ បានជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យម្នាកខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស។ ចំណែកជនសង្ស័យ ចំនួន០៣នាក់ ទៀតបានរត់គេចខ្លួនបាត់។ ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើ បានឆ្លើយប្រាប់សមត្ថកិច្ចយើងថា រូបគេ និងបក្ខពួកខាងលើ ពិតជាបានធ្វើសកម្មភាពលួចយកសម្បកកំប៉ុង និងដែករបស់ជនរងគ្រោះ រួចនៅពេលជនរងគ្រោះតាមទាន់ ក៏បានព្រួតគ្នាវ៉ៃ និងកាប់ជនរងគ្រោះបណ្តាល អោយរងរបួសដាច់ម្រាមចង្អុលដៃខាងស្តាំ និងរបួសក្បាល លើថ្ងាស់ ប្រាកដមែន។ ហើយឈ្មោះ សុង ជឿន ភេទប្រុស អាយុ៤៥ឆ្នាំ (ឪពុកបង្កើតរបស់ជនរងគ្រោះ) ក៏បានមកដាក់ពាក្យបណ្តឹង ដើម្បីអោយសមត្ថកិច្ចចាត់ការទៅលើជនសង្ស័យ និងបក្ខពួកតាមនីតិវិធីច្បាប់តែម្តង ។
បច្ចុប្បន្នជនសងសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរាជធានីភ្នំពេញដើម្បីកសាសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់។ រីឯជនសងសង្ស័យទាំងបីនាក់ ដែលជាបក្ខពួកបាន រត់គេចខ្លួនរួចនោះ គឺ សមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវរកបន្ត ៕