ភ្នំពេញ ៖ លោកវរសនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១០និង០៤នាទី កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានទទួលជនបរទេសម្នាក់ ពីកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍វត្តភ្នំ ករណីជននេះ ផឹកស្រាស្រវឹង បង្កររឿងតាមដងផ្លូវសារណៈ និងគ្មានទីលំនៅច្បាស់លាស់ ដើរដេកតាមដងផ្លូវសាធារណៈ។
លោកនាយការិយាល័យបន្តថាជនបរទេសនោះឈ្មោះ JOHN EDWARD ECKER ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិអាមេរិក។ បន្ទាប់មកកម្លាំងការិយល័យបានត្រួតពិនិត្យឯកសារ ឃើញថាជននេះ គ្មានឯកសារលិខិតឆ្លងដែន គ្មានមុខរបរច្បាស់លាស់ និងដើរដេកតាមដងផ្លូវសាធារណៈ ត្រូវបានបញ្ជូន ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕