ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ សម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន​ មន្ត្រី​ម្នាក់​ ដែល​ទះកំផ្លៀង​ស្ត្រី​ជិះ​ម៉ូតូ​ មិន​ពាក់មួក​សុវត្ថិភាព​

22-May-2018 | ដោយ ពលមនសិការ

​ភ្នំពេញ​ ៖​ លោកនាយ​ឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​លិខិត​សម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន​ ចំពោះ​លោក​អនុសេនីយ៍ទោ​ កៅ​ សំ​អុល​ ជា​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ទួល​ស្វាយព្រៃ​ទី​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​ មូលហេតុ​នៃ​ការ​សម្រេច​ផ្អាក​ការងារ​មន្ត្រី​នគរបាល​ ឋា​ន្ត​រ​ស័ក្តិ​អនុសេនីយ៍ទោ​នេះ​ ត្រូវ​បាន​លោកស្នងការ​លើក​ឡើង​ថា​ ដោយសារ​នគរបាល​រូ​ន​នេះ​ បញ្ចេញ​អាកប្បកិរិយា​ ឬ​ពាក្យ​សម្តី​គ្មាន​សីលធម៌​ អមនុស្សធម៌​ ខ្វះ​សុជីវធម៌​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បាត់បង់​កិត្តិយស​ សេចក្តី​ថ្លៃថ្នូរ​របស់​នគរបាល​ជាតិ​។​

​ក្នុង​លិខិត​បង្គាប់ការ​ ស្តី​ពី​ ការ​ផ្អាក​ការងារ​បណ្តោះអាសន្ន​ មន្ត្រី​នគរបាល​ជាតិ​ ចុះ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០១៨​ លោកនាយ​ឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ សម្រេច​ថា​ សា​ម៉ី​ខ្លួន​ ត្រូវ​មក​បង្ហាញមុខ​នៅ​ការិយាល័យ​បុគ្គលិក​ រៀង​រាល់​ម៉ោង​ធ្វើការ​ ដើម្បី​កែប្រែ​កំហុស​ឆ្លង​ និង​រង់ចាំ​ការ​សម្រេច​ជា​ថ្មី​។​ រីឯ​ប្រាក់ខែ​របស់​ប៉ូលិស​នេះ​ ត្រូវ​បង្វែ​ មក​បើក​ជា​សាច់ប្រាក់​ឲ្យ​សា​ម៉ី​ខ្លួន​រៀង​រាល់​ខែ​។​

​សូម​រម្លឹក​ថា​ សកម្មភាព​របស់​ក្រុម​នគរបាល​ ឈរជើង​នៅ​កែង​ផ្សារ​អូ​ឡាំ​ពិ​ក​ ដែល​ប្រើប្រាស់​ហិង្សា​ ដោយ​ទះកំផ្លៀង​ លើ​ស្ត្រី​ម្នាក់​ ជិះ​ម៉ូតូ​បញ្ច្រាសទិស​ និង​មិន​ពាក់មួក​សុវត្ថិភាព​ ត្រូវ​បាន​គេ​ថត​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ កាលពី​រសៀល​ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០១៨​។​ អ្នក​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ បាន​ចែកចាយ​ឃ្លី​ប​វី​ដេ​អូ​ ដែល​មាន​រយៈពេល​ជិត​ ១​នាទី​នោះ​ ហើយ​រិះគន់​លើ​ប៉ូលិស​ជា​ខ្លាំង​។​

​នៅ​ល្ងាច​ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០១៨​ ប៉ូលិស​ប៉ុស្តិ៍​ ដែល​ទះកំផ្លៀង​លើ​ស្ត្រី​អ្នក​ជិះ​ម៉ូតូ​នោះ​ ត្រូវ​បាន​ហៅ​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​ ប៉ូលិស​នោះ​ បាន​សុខចិត្ត​ធ្វើ​លិខិត​សុំ​ទោស​លើ​ស្ត្រី​អ្នកបើកបរ​ម៉ូតូ​ខុសច្បាប់​នោះ​។​

​ឃ្លី​ប​វិ​ដេ​អូ​ ដែល​គេ​បង្ហោះ​ បង្ហាញ​ថា​ ស្ត្រី​អ្នកបើកបរ​ម៉ូតូ​ បាន​ល្មើសច្បាប់​ ដោយ​ជិះ​ម៉ូតូ​បញ្ច្រាស​ផ្លូវ​ផង​ និង​មិន​ពាក់មួក​សុវត្ថិភាព​ផង​។​ ស្ត្រី​នោះ​ ថែម​ទាំង​ជេរ​ប្រមាថ​សមត្ថកិច្ច​ និង​មិន​ព្រម​ចុះ​ពីលើ​ម៉ូតូ​ថែម​ទៀត​។​

​ក៏​ប៉ុន្តែ​ច្បាប់​មាន​។​ បើ​ស្ត្រី​នោះ​ ល្មើសច្បាប់​ គឺ​ត្រូវ​ផាកពិន័យ​ ឬ​ក៏​ផ្តន្ទាទោស​តាម​ច្បាប់​។​ តែ​សមត្ថកិច្ច​ មិន​ត្រូវ​ប្រើ​ដៃជើង​ សូ​ម្បី​តែ​ហិង្សា​ដោយ​ពាក្យ​សម្តី​ ឈ្លោះប្រកែក​គ្នា​ ក៏​ប៉ូលិស​មិន​ត្រូវ​ប្រើ​លើ​អ្នកដំណើរ​ទាំងឡាយ​ណា​ ដែល​ល្មើសច្បាប់​នោះ​ដែរ​។​

​ដូច្នេះ​វិធានការ​របស់​ស្នងការ​លើ​ប៉ូលិស​ស័ក្តិ​២​នេះ​ ជា​ការ​ព្រមាន​ដល់​ប៉ូលិស​ផ្សេង​ទៀត​ ត្រូវ​តែ​ជៀសវាង​កំហុស​ ដែល​មហាជន​មិន​ចូល​ចិត្ត​ ហើយ​បើសិនជា​អ្នកដំណើរ​ល្មើសច្បាប់​ណា​ រឹងទទឹង​ ត្រូវ​អនុវត្ត​តាម​ច្បាប់​ ដោយ​អញ្ជើញ​អ្នកបើកបរ​នោះ​ អែប​ចិញ្ចើម​ផ្លូវ​ ហើយ​លើក​ស្ទួ​ច​ដឹក​ឡាន​ម៉ូតូ​នោះ​ ទៅ​កាន់​ទីស្នាក់ការ​ប៉ូលិស​ ហើយ​ដោះស្រាយ​តាម​ច្បាប់​។​

​កាលពី​ថ្ងៃ​ទី​០២​ ខែឧសភា​ ឆ្នាំ​២០១៨​ ប៉ូលិស​ចរាចរណ៍​ម្នាក់​ និង​មន្ត្រី​ជាប់កិច្ចសន្យា​ម្នាក់​ ត្រូវ​បាន​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ លោកនាយ​ឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ សម្រេច​បណ្តេញ​ចេញពី​ក្រប​ខណ្ឌ​ប៉ូលិស​ ដោយសារ​តែ​ប៉ូលិស​ចរាចរណ៍​នោះ​ ទារប្រាក់​ ២០​ ដុល្លារ​ ពី​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ ដែល​បើកបរ​ម៉ូតូ​ល្មើសច្បាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​ តែ​ក្រោយមក​ មាន​ដំណឹង​ថា​ លោកស្នងការ​ កែប្រែ​ ត្រឹមតែ​ពិន័យ​ ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន​ប៉ុណ្ណោះ​៕​

 

ចំនួនអ្នកទស្សនា

    20621577

  • ថ្ងៃនេះ8311
  • ម្សិលមិញ9421
  • សប្តាហ៍នេះ63971
  • ខែនេះ179121
  • ឆ្នាំនេះ179121
  • សរុប20621577