ភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០៥និង៣០នាទី កម្លាំងប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមបាន ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីអំពើលួច (ប៉ុនប៉ងលួចយកទូរស័ព្ទដៃ) នៅចំណុចក្នុងហាងកហ្វេកុងតឺន័រ ផ្លូវបេតុង ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខបានឱ្យដឹងថាជនសង្ស័យទាំង២នាក់រួមមាន៖ទី១-ឈ្មោះ សួន ម៉ៅ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន),ទី២-ឈ្មោះ សេង ចន្ថា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។ ជនរងគ្រោះឈ្មោះ ញឹប បង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកជន ស្នាក់នៅបន្ទប់ជួល ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ សម្ភារៈបន្សល់ទុក ៖ ម៉ូតូចំនួនមួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ សេរីចាស់ គ្មានស្លាកលេខ ។
លោកអធិការបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ បានមកយាមនៅចំណុចកើតហេតុខាងលើ រួចជនរងគ្រោះបានដេកលើប៉ៅអ៊ី ដោយដាក់ទូរស័ព្ទដៃរបស់ខ្លួននៅលើដើមទ្រូង ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ បានជិះម៉ូតូមួយគ្រឿងឌុបគ្នា មកឈប់នៅចំណុចកើតហេតុ រួចជនសង្ស័យឈ្មោះ សួន ម៉ៅ បានដើរចូលទៅធ្វើសកម្មភាពប៉ុនប៉ងលួចយកទូរស័ព្ទដៃរបស់ជនរងគ្រោះ តែត្រូវជនរងគ្រោះ ដឹងខ្លួនស្រែកថាចោរៗ ហើយនាំគ្នាចាប់បានជនសង្ស័យទាំង០២នាក់ប្រគល់ ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹងចោទប្រកាន់ ជនសង្ស័យតែម្តង។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕