មុខសញ្ញា​លួច​ម៉ូតូ​២​នាក់​ ត្រូវ​នគរបាល​ឃាត់ខ្លួន​នៅ​ស្រុក​ទ្រាំង​

23-May-2018 | ដោយ ពលមនសិការ

តាកែវ​ ៖​ ជនសង្ស័យ​២​នាក់​ត្រូវ​កម្លាំង​នគរបាល​ខេត្តតាកែវ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​។​ ប្រតិបត្តិការ​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៩​ និង​០៥​នាទី​ នៅ​ចំណុច​ផ្សារណាត់​ ស្ថិត​ក្នុងភូមិ​១​ សង្កាត់​រកា​ក្នុង​ ក្រុង​ដូន​កែវ​ ខេត្តតាកែវ​។​

ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ZOOMER​ X​ ពណ៌​ស​ ផលិត​ឆ្នាំ​២០១៧​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1GI-6200​ ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ​ កែវ​ រស្មី​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ មុខរបរ​អាជីវករ​ មាន​ទីលំនៅ​ភូមិ​ចក​ សង្កាត់​រកា​ក្នុង​ ក្រុង​ដូន​កែវ​ ខេត្តតាកែវ​ ខណៈ​ពេល​ ម្ចាស់​ម៉ូតូ​ បាន​ជិះ​ម៉ូតូ​ទៅ​បញ្ឈរ​ទុក​នៅ​ក្បែរ​ផ្សារ​ ហើយ​បាន​ដើរ​ចូល​ទៅ​ក្ន​ង​ផ្សារ​ទិញ​បន្លែ​ ដោយ​ទុក​កូនសោរ​នៅ​ជាប់​នឹង​ម៉ូតូ​។​

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​លោក​ឧត្តមសេនីយ៍ទោ​ សុខ​ សំណាង​ ស្នងការ​នគរបាល​ខេត្តតាកែវ​ បាន​បញ្ជា​ដល់​កម្លាំង​អន្តរាគមន៍​(​ក្រុម​តោ​)​និង​កម្លាំង​ជំនាញ​ របស់​ស្នងការដ្ឋាន​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ​ និង​ស្រុក​ទ្រាំង​ចេញ​អន្តរាគមន៍​ដេញ​តាម​ ពួនស្ទាក់​គ្រប់​ច្រកល្ហក​ រហូត​ដល់​វេលា​ម៉ោង​២៣​និង​១០​នាទី​ថ្ងៃខែ​ ឆ្នាំ​ដដែល​ ទើប​សមត្ថកិច្ច​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ នៅ​ចំនុច​ ភូមិ​ក្បាលពោធិ​ ឃុំ​សំបួរ​ ស្រុក​ទ្រាំង​ ខ​ត្ត​តាកែវ​ បាន​ចំនួន​ ០២​នាក់​។​

​លោក​ឧត្តមសេនីយ៍ទោ​ សុខ​ សំណាង​ ស្នងការ​ខេត្តតាកែវ​បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ​ ឈៀង​ពិសិដ្ឋ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អូរ​ឌឹ​ម​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ទី​២-​ឈ្មោះ​ ប្រាក់​ ធីតា​ ភេទ​ស្រី​ អាយុ​២១​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ទួល​ពង្រ​ សង្កាត់​ទួល​ពង្រ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

​វត្ថុ​តាង​ដកហូតៈ​ ម៉ូតូ​០២​គ្រឿង​ ១-​ម៉ូតូ​ម៉ាក​ZOOMER​ មាន​ភិនភាគ​ដូច​ខាងលើ​ ជនសង្ស័យ​បាន​សារភាព​ថា​ខ្លួន​បាន​លួច​យក​ពី​កន្លែង​កើតហេតុ​ពិតប្រាកដ​មែន​ ២-​ម៉ូតូ​ម៉ាក​គុប​ជ្រុង​ ពណ៌​ទឹកប៊ិច​ ពាក់​ស្លាក​លេខ​ ភ​.​ព​1.8636​ ជា​របស់​ជនសង្ស័យ​ ជិះ​ធ្វើ​សកម្មភាព​បទល្មើស​។​

​បច្ចុប្បន្ន​ ដោយ​មានការ​អនុញ្ញាត​ ពី​លោក​ព្រះ​រា​ជ្ញ​អាជ្ញា​អម​សាលាដំបូង​ខេត្ត​ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​ប្រគល់​ម៉ូតូ​ជូន​ម្ចាស់​ដើម​វិញ​ រីឯ​ជនសង្ស័យ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ៕


ចំនួនអ្នកទស្សនា

    20621847

  • ថ្ងៃនេះ8581
  • ម្សិលមិញ9421
  • សប្តាហ៍នេះ64241
  • ខែនេះ179391
  • ឆ្នាំនេះ179391
  • សរុប20621847